ភ្នំពេញ ៖ ​ស្ត្រី​ជាជនជាតិអូស្ត្រាលី ២នាក់ចេញមកពីក្លឹបវិញ ត្រូវជនសង្ស័យឆក់កាបូបស្ពាយបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល ​កាលពីវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១៤៤ នៅចំណុចមុខធានាគារ MayBang ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ស្ត្រីជនជាតិអូស្ត្រាលីជាម្ចាស់កាបូបមានឈ្មោះ Ellen Mellssa Iynrg ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅសណ្ឋាគារ Payillion ផ្លូវ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ រីឯម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។


តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង ២នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនទាំង ២នាក់ត្រូវជាសង្សារនឹងគ្នា ទើបតែចេញមកពីក្លឹបនៅម្តុំផ្សារសូរិយាម៉ល លុះពេលដែលពួកគេចេញមកវិញ គោលបំណងដើរទៅសណ្ឋាគារដែលស្នាក់នៅវិញ ដោយធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលកំពុងតែដើរក៏ស្រាប់​តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក​ស្តុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខបានជិះមកជិតហើយធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ស្ត្រីជនជាតិអូស្ត្រាលី ២នាក់បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល ។

នៅក្នុងកាបូបរបស់ជនរងគ្រោះដែលបាត់ក្នុងនោះមានកាំមេរ៉ាចំនួន១គ្រឿង ទូរស័ព្ទដៃម៉ាកiPhone 5 មួយគ្រឿង លុយចំនួន45$ រួមនិងសម្ភារៈមួយចំនួនទៀត។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង ២នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣ ដើម្បីអោយសមត្ថកិច្ចតាមចាប់ជនសង្ស័យ ៕

សហការី KBN-LIVE.com