ភ្នំពេញ ៖ ​កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃ៥ ខែមិថុនា ឆ្នាំ២០១៧ មានយុវជនប្រុសស្រី ៤នាក់ បើកបរម៉ូតូមួយគ្រឿង ទើបតែចេញពីធ្វើការ ត្រូវបានជនសង្ស័យជាច្រើននាក់ និងច្រើនម៉ូតូ មកធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច នៅត្រង់ចំណុចស្តុបកៅដាយ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ហើយជនសង្ស័យមិនអស់ចិត្ត បានដេញតាមកាប់ប្លន់យកម៉ូតូទៀត តែមិនបានសម្រេចនៅត្រង់ចំណុចកន្លែងទទួលបញ្ចាំកៅដាយ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ​ចំកាមន ។

ជនរគ្រោះទី១ ដែលជាអ្នកបើក​ម៉ូតូមានឈ្មោះ គឹម វឌ្ឍនៈ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងផ្សារដែក ​ជនរងគ្រោះទី២ ដែលជាម្ចាស់កាបូបមានឈ្មោះ នី ស្រីកា​ ភេទស្រី អាយុ ១៨ឆ្នាំ ជាបុគ្គលិកហាងស្ទីម និងម៉ាស្សាយីហោ អូគីដេ និងជនរងគ្រោះស្រីៗ ២នាក់ទៀត ដែលជាអ្នករួមដំណើរពីក្រោយ ។ អ្នកទាំង ៤នាក់ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ និងបើកបរម៉ូតូមួយគ្រឿងម៉ាក សុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-7630 ។

បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេជិះម៉ូតូ​ចេញពីកន្លែងធ្វើការ នៅហាងស្ទីម និងម៉ាស្សាយីហោ អូគីដេ ហើយបំណងជិះទៅចាក់សាំងនៅម្តុំកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០៥ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យជាង១០នាក់ ជិះម៉ូតូ៧ទៅ៨
គ្រឿង​មិនចាំម៉ាក បើកបញ្ច្រាសទិសគ្នា ​ជនសង្ស័យក៏ស្រែកថា «អាហ្នឹងហើយ អាហ្នឹងហើយ» រួចក៏បត់ត្រលប់ក្រោយ ជិះដេញតាមពួកគេ ហើយ​មានជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ​បានធ្វើ​សកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ​បានសម្រេច ហើយពួកគេមានបំណងជិះទៅអោយគេជួយ ក៏ត្រូវបក្សពួករបស់ជនសង្ស័យជិះដេញតាមពីក្រោយ
រហតូទៅដល់កន្លែងកើតហេតុជនសង្ស័យក៏បានដកដាវមួយដើមបំណងកាប់ទើបពួកគេ​
ផ្តួលម៉ូតូ ។

ខណៈពេលនោះមានជនសង្ស័យម្នាក់បំរុងលើកម៉ូតូជិះក៏ត្រូវពួកគេស្រែកឆោឡោ បណ្តាលឱ្យជនសង្ស័យភ័យ​ នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ ​នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅនោះមានលុយចំនួន ២០ដុល្លារ និងគ្រឿងសំអាងមួយចំនួន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បែរជាមេប៉ុស្តិ៍ដេញឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋ
បាលទំនប់ទឹក ខណៈពេលដែលទៅដល់ប៉ុស្តិ៍ទំនប់ទឹក បែរជាមេប៉ុស្តិ៍ដេញឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលស្វាយទី២វិញ ធ្វើឱ្យជនរងគ្រោះជិះ ទៅវិញទៅមកពីរបីត្រឡប់ ទើបខាងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកព្រមទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕

សហការី KBN-LIVE.com