កំពង់ស្ពឺ៖ នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី៣ មិថុនា ២០១៧ នេះមានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវជាតិ ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់ ។

បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ម៉ាកឡិចស៊ីស ពណ៌ស្ករ RX300 ស្លាកលេខ ភ្នំពេញ 2W 1399 ជិះគ្នា៥នាក់ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានផ្ទុះកង់ក្រោយខាងស្តាំ បណ្តាលឲ្យរេចង្កូត ទៅបុកដើមឈើនៅខាងជើងផ្លូវ បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះក្នុងឡាន រងរបួសធ្ងន់ទាំងអស់គ្នា។

អ្នករបួសទាំងអស់ត្រូវបានគេស្គាល់ឈ្មោះ ១.ដេ​ត សៅ​វិញ ភេទ​ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ​ឃ្លាំង​ឃុំ​រីករាយ ស្រុក​រវៀង ខេត្តព្រះវិហា ២.ឈ្មោះ ជា ណា​រិ​ទ្ធ ភេទ​ប្រុស ស្នាក់នៅ ផ្ទះជួល ម្ដុំ​ចោមចៅ ៣.ឈ្មោះ ដាំ ស៊ា​វ​ឡេង ភេទ​ស្រី អាយុ៣០ឆ្នាំ ផ្ទះ​លេខ ១២AEZ២ ផ្លូវ១៦៦ ភូមិ១សង្កាត់​អូរឫស្សី៣, ៤.អ្នកបើកបរ​ មិន​ស្គាល់ឈ្មោះ (សន្លប់) និង​ឈ្មោះ ជីវ គើ ភេទ​ប្រុស ធ្វើការ នៅ​ជិន​ថា​វើ​ល​គ្រុប។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៥ ត្រូវបានរថយន្តសង្គ្រោះកងពលលេខ៣១ ចំនួន២គ្រឿងបានដឹកយកទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តកើតហេតុ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយ៕