ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ ទោះជាដឹងខ្លួនថា មានអាការៈមិនសូវស្រួលខ្លួន យ៉ាងណាក៏ដោយ តែទឹកចិត្តក្នុងនាម ជាប្រជាពលរដ្ឋ ត្រូវតែបំពេញកាត្វកិច្ច ជាពលរដ្ឋខ្មែរ ចូលរួមការបោះឆ្នោតជ្រើសរើស មេឃុំ សង្កាត់អាណត្តិទី៤ថ្មី ចាប់ផ្តើមនាព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នេះ ខណៈដែលកំពុងឈរ តម្រង់តម្រៀបជួរ ស្រាប់តែទន់ដៃទន់ជើង ដួលសន្លប់ភីង ផ្អើលពលរដ្ឋ សមត្ថកិច្ច ពេញមណ្ឌលបោះឆ្នោត នៅក្នុងសាលាគោកបញ្ជាន់ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៤នេះ ។

ស្រ្តីរងគ្រោះ មានឈ្មោះ តុល សុីណាត អាយុ៤៦ឆ្នាំ មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ តាមសាច់ញាតិ បានឲ្យដឹងថា ស្រ្តីរងគ្រោះ គាត់មានអាការៈមិនសូវស្រួលខ្លួនទេ តែដោយសារ ក្នុងនាមជាពលរដ្ឋខ្មែរ ត្រូវតែបំពេញតួរនាទី ពលរដ្ឋល្អចូលរួមបោះឆ្នោត ជ្រើសរើសមេឃុំ សង្កាត់ថ្មី អាណត្តិទី៤នេះ ដែលចាប់ផ្តើម ប្រព្រឹត្តនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយជនរងគ្រោះ ទោះជាខ្លួនកើតមានបញ្ហា ផ្នែកសុខភាពយ៉ាងណាក្តី ស៊ូសុខចិត្តមកតម្រង់ឈរ ជាជួររងចាំចូលបោះឆ្នោត តែដោយសារទ្រាំទ្រ ទប់ទល់នឹងសុខភាពរាងកាយមិនបាន ទន់ដៃទន់ជើស ដួលសន្លប់ភីងតែម្តង ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបាន កម្លាំងនគរបាល ប្រចាំការគោលដៅ ទីតាំងខាងលើ ជួយអន្តរាគមន៍ ហៅរថយន្តសង្រ្គោះ មកដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ៕

សហការី KBN-live.com