ភ្នំពេញ ៖ ស្រ្តីម្នាក់ ទោះជាខ្លួនមានប្តី មានទាំងកូន៣នាក់ទៅហើយក្តី ដោយសារការរស់នៅ ពុំសូវចុះសម្រុងគ្នា ម្យ៉ាងការរស់នៅដាច់ដោយឡែកពីគ្នា អំណាចនៃតណ្ហា កាមកិលេស មិនទាន់ឆ្អែតឆ្អន់ ពិតជាហ៊ានថ្លើមធំ ក្បត់ចិត្តប្តី នាំសាហាយមកបោះឆ្នោតឲ្យ ដល់បន្ទប់ជួល ខណៈដែលកំពុងប្រតិបត្តិការ ជ្រលក់មេដៃមេជើង ស្រាប់តែប្តីមកទាន់ខ្ទប់ទ្វារជាប់ ចងចាក់សោរពីក្រៅ ប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តួរអង្គខាងស្រី មានឈ្មោះ ហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃឥដ្ឋ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ។ តួរអង្គខាងប្តីដើម មានឈ្មោះ អែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់ មានស្រុកកំណើត នៅភូមិកោះម៉ាកប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

រីឯតួរអង្គខាងសាហាយ មានឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ធ្វើការកន្លែងណា ស្នាក់នៅកន្លែងនោះ បច្ចប្បន្នស្នាក់នៅ ការដ្ឋានសំណង់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិពាម ឃុំរកាកោងទី១ មុខកំពូល កណ្តាល ។

តាមការរៀបរាប់ ពីបុរសឈ្មោះ អែត ដូយ ជាប្តីដើម បានឲ្យដឹងថា ពួកគាត់បានរៀបការផ្សំផ្គុំ ក្រាបក្បាលសំពះផ្ទឹម មេបាចាស់ទុំជាមួយស្រ្តីឈ្មោះ ហោ គុណធឿន អស់រយៈពេល៨ឆ្នាំកន្លងមកហើយ មានកូនចំនួន៣នាក់ ស្លាប់២នាក់ នៅរស់កូនប្រុសម្នាក់ រស់នៅឯស្រុក តែរហូតមកដល់ អំឡុងឆ្នាំ២០១៥ ការរស់នៅ ដាច់ដោយឡែកពីគ្នា ប្រពន្ធសុំមកធ្វើការងារ រោងចក្រនៅទីក្រុងភ្នំពេញ ចំណែកគាត់ជាប្តី នៅមើលថែកូន ផ្ទះឯស្រុកកំណើត ហើយការរស់នៅ សម្ព័ន្ធមេត្រីស្នេហ៍ រវាងប្តីនិងប្រពន្ធ ឈានទៅរក ភាពសោះអង្គើយនិងគ្នា ទើបឆ្ពោះទៅរកបែកបាក់ស្នេហ៍ រកាំរកុះគ្រួសារ មិនចុះសម្រុងគ្នា។

គាត់បានបន្តថា ប្រពន្ធរកតែលេសសុំលែងលះ តែខាងប្តីមិនព្រម អូសបន្លាយពេលវេលា ២ឆ្នាំកន្លងផុត ទីបំផុតមាយាស្រី ពុតត្បុតរបស់ប្រពន្ធ ត្រូវបានបែកធ្លាយ បន្ទាប់ពីប្អូនថ្លៃប្រុស ដែលមានបន្ទប់ជួល ក្បែរខាងប្រពន្ធ ដឹងនិងឃើញថា ប្រពន្ធខ្លួនហៅប្រុសស្នេហ៍ មកដេករួមមេត្រីដល់បន្ទប់ជួល នឹកឃើញហួសចិត្ត ត្បិតទោះជាខ្លួនពិកាជើង ត្រូវបានប្រពន្ធផិតក្បត់ ជួលរថយន្តតាក់សុី ធ្វើដំណើរចេញពីស្រុក តាមរកប្រពន្ធ ដល់ផ្ទះជួល ។

បុរសជាប្តីបន្តទៀតថា គ្រាន់តែមកដល់ផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ នៅវេលាម៉ោងខាងលើ ស្រាប់តែគាត់ភ្ញាក់ព្រើត “ពុទ្ធោ! ឱប្រពន្ធខ្ញុំអើយ នាំសាហាយមកបោះឆ្នោត ដល់បន្ទប់ជួល ឃើញជាក់នឹងភ្នែក” ខណៈដែលពួកគេ កំពុងប្រតិបត្តិការផ្តិតមេដៃ ផ្តិតមេជើង ក្តៅចិត្តពេក មិនដឹងធ្វើម៉េច ក៏ចាប់ចងសាក់សោទ្វារពីក្រៅ ប្តឹងប៉ូលីស សុំឲ្យជួយអន្តរាគមន៍ ចាប់ឃាត់ប្រពន្ធនិងសាហាយ នាំខ្លួនទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ ។

ចំណែក ស្រ្តីជាភរិយាវិញ បានឲ្យដឹងថា ខ្លួនរស់នៅមិនចុះសម្រុងគ្នា ជាមួយប្តីដើម អស់រយៈពេល២ឆ្នាំមកហើយ ការរស់នៅ ដោយឡែកពីគ្នា ទោះជាហៅលោកប្តី ចូលខ្លួននិយាយគ្នាដោះស្រាយរឿងលែងលះ នៅចំពោះមុខអាជ្ញាធរ ភូមិឃុំឯស្រុក ក៏ប្តីមិនសុខចិត្តផ្តិតមេដៃលែងលះដែរ ។

ស្រ្តីដដែលបន្តទៀតថា ស្នេហាប្រុសថ្មី ផ្តើមចេញពីលេងហ្វេសប៊ុក ឆាតលេងឆ្លងឆ្លើយ ជាមួយបុរសឈ្មោះ ម៉ាច ប៊ុនធឿន ជាកម្មករសំណង់ ទីបំផុតលង់ស្នេហ៍ រហូតប្រគល់បេះដូង ឲ្យបុរសខាងលើ លូកលាន់ រួមមេត្រី អស់រយៈពេល ជាង៤ខែកន្លងមកហើយ ខណៈដែលខឹងប្តី មិនផ្តិតមេដៃលែងលះឲ្យផង ទើបសម្រេចចិត្ត បង្កើតស្នេហ៍ថ្មីដោយស្ងាត់ៗ បង្កាត់ភ្លើងតណ្ហាយ៉ាងពុះកញ្ជ្រោល ។

ហើយនៅយប់ថ្ងៃទី០៣ ខែមិថុនា នឹកឃើញជាឱកាស អ្នកស្នាក់នៅតាមបន្ទប់ជួល ចាកចេញទៅស្រុក ចូលរួមបោះឆ្នោតអស់ហើយ ស្ងាត់តាមបន្ទប់ជួល បានដៃ ក៏ហៅប្រុសស្នេហ៍មកដេកកំដរបន្ទប់ ស្រាប់តែនៅ វេលាម៉ោងខាងលើ លោកប្តីមកទាន់ស្រែកផ្អើល ប្តឹងប៉ូលីសឃាត់នាំចូលប៉ុស្តិ៍ប៉ូលីសតែម្តង ។

រីឯភាគីតួរអង្គប្រុសសាហាយវិញ បានឲ្យដឹងថា ខ្លួនគាត់ជាបុរសពោះម៉ាយ កូនប្រុស២នាក់ ប្រពន្ធលែងអស់រយៈពេល ជាង៤ឆ្នាំមកហើយ សព្វថ្ងៃដើរធ្វើការងារ ជាកម្មករសំណង់ ហើយខ្លួនបានលេងហ្វេសប៊ុក ស្គាល់សុំស្នេហ៍ សុំស្រឡាញ់ស្រ្តីខាងលើ ហើយក៏ដឹងដែរថា ស្រីស្នេហ៍ខ្លួនមិនទាន់ លែងលះប្តីដាច់ស្រេច តែឃើញអស់រយៈពេល ច្រើនឆ្នាំហើយ នាងនៅម្នាក់ឯង ក៏ដាច់ចិត្តរើស ស្រវ៉ាឱបយកនាង ធ្វើជាប្រពន្ធទាំបំពានតែម្តង ។

នៅក្នុងប៉ុស្តិ៍នគរបាល ភាគីទាំង៣លើកឡើង នូវអំណះអំណាង ហេតុផលរៀងៗខ្លួន ភាគីខាងប្រពន្ធ ប្រកាន់នូវជំហរមួយ មិនយកទេប្តីដើម អត់ចេះផ្តល់សេចក្តីសុខ ឲ្យនាងផង ស៊ូស្រវ៉ាចាប់យកប្តីក្រោយនេះវិញ ទោះជាកម្មករសំណង់មែនពិត តែចេះថ្មមចិត្ត ផ្តល់ភាពស្រណុកកាយ សប្បាយរម្មណ៍ជាង ។

ចំណែកគោលជំហរ ភាគីខាងប្តីដើមវិញ ខ្លួនសុខចិត្តលែងលះ អ្វីដែលឃើញជាក់នឹងភ្នែក ប្រុសផ្សេងមកបោះឆ្នោត ផ្តិតមេដៃ ជ្រលក់មេជើង មកលើប្រពន្ធខ្លួនហើយនោះ ស្រីអីឥតកេរ្តិ៍ខ្មាស់ អត់គិតថា ខ្លួនមានប្តី មានកូនរហូតដល់៣នាក់ មិនឆ្អែតឆ្អន់នូវកាមកិលេស សុំតែម្យ៉ាង លុយកាក់ជាង៦ពាន់ដុល្លារ ដែលប្រពន្ធយកមក សុំទាមទារយកមកវិញ ទុកសម្រាប់ចិញ្ចឹមកូន ទើបរួចខ្លួន ជាថ្នូរប្រគល់ប្រពន្ធ ទៅឲ្យអ្នកផ្សេង ។ ដោយឡែកគោលជំហរ ភាគីខាងប្រុសស្នេហ៍វិញ បានស្តែងឲ្យឃើញថា អ្វីជាទង្វើរដែលខ្លួនបានប្រព្រឹត្ត ខ្លួនជាអ្នកទទួលខុសត្រូវ ហើយស្រ្តីខាងលើ ក៏ប្តូរផ្តាច់សុខចិត្ត យកគ្នាជាប្តីប្រពន្ធដែរ ។

តាមនគរបាលវិញបានឲ្យដឹងថា ករណីខាងលើ ថ្វីកាលបើ ក្រោយផ្ទុះរឿងប្រពន្ធផិត លួចមានសាហាយ ប្តឹងផ្តល់គ្នា ទោះជាភាគីខាងប្តីដើម ទាមទារយកលុយ ជាង៦ពាន់ដុល្លារ ជាថ្នូរនឹងប្រគល់ប្រពន្ធទៅឲ្យអ្នកផ្សេង បញ្ចប់រឿងក៏ដោយ នៅតែដោះស្រាយមិនចេញ ខណៈដែលភាគីខាងតួរអង្គស្រី គ្មានលុយប្រគល់ឲ្យប្តី មានតែដោះគ្រឿងអល័ង្កា អស់ពីខ្លួន សរុបជាទឹកប្រាក់ជាង២០០ដុល្លារ នៅតែមិនគ្រប់ ទើបនិយាយគ្នាមិនត្រូវ ព្រោះលុយជាង៦ពាន់ដុល្លា ដែលស្រីយកមកនោះ សុីចាយអស់រលីងយូរហើយ ទុកឲ្យប្តីដើមរងគ្រោះ ព្រោះអស់ទាំងទ្រព្យសម្បត្តិហើយអស់ទាំងប្រពន្ធទៀត ទីបំផុតនគរបាល កសាងសំណុំរឿង បញ្ជូនខ្លួនប្រពន្ធ និងសាហាយ ទៅផ្នែកជំនាញអធិការដ្ឋាន ខណ្ឌពោធិសែនជ័យ ដើម្បីសាកសួរ និងដោះស្រាយបន្ត ៕

សហការី KBN-live.com