ភ្នំពេញ ៖ ល្បិចមិត្តក្បត់មិត្ត ជារឿងមួយឧស្សាហ៍កើតឡើង ជាញឹកញាប់ ក្នុងឧបាយកលល្បួងល្បិចផ្សេងៗគ្នា ជាច្រើនរូបភាព ជាក់ស្តែងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះទិញ លក់ម៉ូតូមួយកន្លែង តាមផ្លូវបេតុង ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ កើតមានករណីមិត្តភក្តិ ល្បួងសុីមិត្តភក្តិ យកម៉ូតូរបស់អ្នកលក់ ជិះគេចទៅបាត់ ខណៈដែលយុវជន២នាក់ នាំគ្នាទៅរកទិញម៉ូតូ នៅទីតាំងខាងលើ បន្សល់ទុកមនុស្ស២នាក់ ត្រូវបានម្ចាស់ផ្ទះ ឃាត់នាំទៅប៉ុស្តិ៍ប៉ូលីស ។

មនុស្ស២នាក់ ដែលម្ចាស់ផ្ទះឃាត់ខ្លួន ទី១ ឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាងខារ៉ាអូខេ នៅអូដឹម ។ ទី២ ឈ្មោះ លី រិទ្ធី ហៅ រ៉ាប៉ងវីរៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មន្រ្តីយោធា ។ ទាំង២នាក់ជាបងប្អូននឹងគ្នា ស្នាក់នៅភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិផ្ទះកណ្តាល ឃុំអូរលីវ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ចំណែក ជនសង្ស័យដែលជាមិត្តក្បត់មិត្ត យកម៉ូតូគេទៅបាត់ គ្រាន់តែស្គាល់ឈ្មោះ សាក់ ហៅខ្មៅ អាយុជាង២០ឆ្នាំ ស្គាល់រាប់អានគ្នាជាមិត្តភក្តិ ជាមួយឈ្មោះ លី ពិសិដ្ឋ ទើបតែ១៥ថ្ងៃតែប៉ុណ្ណោះ តែមិនស្គាល់ចិត្ត មុនស្គាល់ចរឹក ។ ដោយឡែក ម៉ូតូដែលជនឆបោក ជិះយកទៅបាត់ម៉ាក ភូសា សេរី២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-4087 មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ចក់ ប៊ុនយឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាមសម្តីជនរងគ្រោះ ជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនគ្នា៣នាក់ខាងលើ បាននាំគ្នាទៅរកទិញម៉ូតូ ធន់ធំ ម៉ាក ភូសា (មួយទឹក) នៅផ្ទះរបស់គាត់ ក្នុងតម្លៃដែលគាត់លក់ ១៩៥០ដុល្លារ ដោយភាគីខាង៣នាក់អ្នកទិញ យល់ព្រមក្នុងតម្លៃដែលគាត់និយាយ តែសុំពិនិត្យ សុំសាកមើលសិន ផ្ទៀងផ្ទាត់ឯកសារម៉ូតូ បានកាន់កាតគ្រី ពិនិត្យផ្អៀងផ្អងហើយ នៅពេលនោះ ជនសង្ស័យឈ្មោះសាក់ ហៅខ្មៅ ឆ្លៀតឱកាសឡើងជិះសាក បែរជាទៅបាត់រហូត ទុកមិត្តភក្តិ២នាក់បងប្អូន នៅកន្លែងកើតហេតុ។ ក្រោយពីដឹងថា ជនសង្ស័យបោកយកម៉ូតូហើយ ម្ចាស់ម៉ូតូ ក៏ឃាត់ខ្លួនមនុស្ស២នាក់បងប្អូន នាំចូលប៉ុស្តិ៍ប៉ូលីសចោមចៅ ដើម្បីនិយាយគ្នា ។

តាមសម្តីយុវជន លី ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនបានស្គាល់រាប់អានគ្នា ជាមួយយុវជនឈ្មោះ សាក់ ចំនួន១៥ថ្ងៃមកហើយ គ្រាដែលឈ្មោះសាក់ ចូលហាងផឹកសុីច្រៀងខារ៉ាអូខេ តែមិនស្គាល់អត្តសញ្ញាណ ចរឹកច្បាស់នោះឡើយ រហូតមកដល់រសៀល ថ្ងៃកើតហេតុ ឈ្មោះសាក់ ជាជនសង្ស័យបានបបួលខ្លួន រួមដំណើរបានជាគ្នា និងប្អូនប្រុសម្នាក់ទៀត សរុបគ្នា៣នាក់ ទៅរកទិញម៉ូតូនៅផ្ទះខាងលើ មិនដឹងថា យ៉ាងម៉េចផង គ្រាន់តែបានកាតគ្រីកាន់នឹងដៃ ជនសង្ស័យសុំសាកម៉ូតូ បែរជាជិះយកទៅបាត់ មិនត្រលប់មកវិញសោះ ។

ក្រោយកើតហេតុ បន្ទាប់ពីជនសង្ស័យឆបោក ជាមិត្តភ័ក្រជិះយកម៉ូតូគេចទៅបាត់ យុវជន២នាក់បងប្អូន ត្រូវបានជនរងគ្រោះ ឃាត់ខ្លួននាំចូលប៉ុស្តិ៍ប៉ូលីស ដើម្បីធ្វើការសម្របសម្រួលគ្នា ក្នុងជម្រើស២ ទី១ បើសងលុយតម្លៃម៉ូតូវិញ នោះគាត់មិនប្តឹងផ្តល់ឡើយ តែបើមិនសងលុយទេ មានតែប្រគល់មនុស្ស២នាក់ បងប្អូនឲ្យសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ ៕

សហការី KBN-live.com