ភ្នំពេញ៖ ជនអនាថាម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង កាន់ដំបងឈើដេញវាយគេឯង រត់ពេញផ្លូវ រួចរត់ឡើងលើរថយន្តឈ្នួល បំរុងបើករត់ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះ ចាប់វាយមួយដៃមួយជើង បែកមុខបែកមាត់ សន្លប់ស្តូកស្តឹង។​

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១នឹង១៥នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចម្តុំ មុខផ្ទះលេខ27F ផ្លូវបេតុងកែង និងផ្លូវលេខ៩០០ សង្កាត់ស្រះចកខណ្ឌដូនពេញ។

សាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញជនបង្ក ដែលមិនស្គាល់ឈ្មោះ បានកាន់ដំបងឈើមួយដើម ប្រវែងជា២ម៉ែត្រ ដេញវាយអ្នកដំណើរនិងរថយន្តគេ នៅតាមបណ្តោយផ្លូវលេខ៦០ (ផ្លូវទំនប់ទួលគោក) រួចរត់ដេញវាយគេ រហូតមកដល់ផ្លូវលេខ៩០០ ស្រាប់តែគេរត់មក បើកទ្វាររថយន្តឈ្នួល ដែលកំពុងបញ្ឆេះឈប់ចាំម៉ូយ ហើយដាក់លេខបំរុងបើកចេញ តែត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ នាំគ្នាចាប់ទាញចុះ រួចស្វាគមន៍ ម្នាក់មួយដៃមួយជើង សន្លប់ស្តូកស្តឹង ចំណែកម្ចាស់រថយន្ត បានបើករថយន្តចេញទៅបាត់ ភ្លាមៗផងដែរ បន្ទាប់ពីមានករណីនេះកើតឡើង ។

ក្រោយពីកើតហេតុបានបន្តិច សមត្ថកិច្ចមូលដ្ឋាន ក៏មកដល់កន្លែងកើតហេតុ ហើយអន្តរាគន៍ហៅរថយន្តពេទ្យ ដឹកជនបង្កយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យកាលម៉ែត្រ ៕

សហការី KBN-live.com