ភ្នំពេញ ៖ បុរសម្នាក់ប្រើអំពើហឹង្សានឹងទាត់ធាក់ទៅលើស្រ្តីមានផ្ទៃពោះធំ ៧ខែម្នាក់ ដែលជាប្តីប្រពន្ធលួចលាក់ បណ្តាលឱ្យដេកដួល រមួលលើដីហាក់បីដូចជាសាហាវទៅហើយ ក្រោយពីនាងជាប្រពន្ធមកទារលុយសម្រាប់បម្រុងទុកសម្រាលកូន ។

ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល រហូតដល់ នគរបាលប៉ុស្តិ៍ចោមចៅបានចុះទៅសាកសួរនាំបែជា បុរសបង្ករូបនោះ ស្ទុះវឹងតាមកំហឹងមិនស្គាល់ថា នគរបាលចាប់ក្របួចកអាវវាយមកលើសមត្ថកិច្ចបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាជនបង្កមានឈ្មោះ ឃួន វិច្ឆិកា ភេទប្រុសមាន អាយុ៣០ឆ្នាំមាន មុខរបរបុគ្គលិកក្លឹបកម្សាន្ត ស្នាក់នៅបន្ទប់ជួល ផ្ទះកើតហេតុខាងលើ មានស្រុកកំណើត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកភាគីខាងស្រីជាប្រពន្ធលួចលាក់ មានឈ្មោះ វិន ស្រីនាង អាយុ ២៦ឆ្នាំ មុខរបរអតីតធ្វើការជាមួយគ្នា បច្ចុប្បន្នពោះធំជាង៧ខែ ស្នាក់នៅផ្ទះ ជួលភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នាជាមួយបុរសខាងលើ អស់រយៈពេលជាង ២ឆ្នាំកន្លងមកហើយ ទាំងមិនបានរៀបការ រស់នៅដូចប្តីប្រពន្ទតែឥតខាន់ស្លា គ្មានមេបាណាដឹងឮឡើយ រហូតដល់នាងមានផ្ទៃពោះ ៥ខែ បែជាលោកប្តីហេងស៊យរូបនេះ ឈ្លោះមានស្រីថ្មី បណ្តេញនាងចេញពីផ្ទះជួល ហើយនាងក៏ចាកចេញទៅស្នាក់អាស្រ័យនៅខាងខណ្ឌសែនសុខ មកដល់ពេលនេះមានផ្ទៃពោះចំនួនជាង ៧ខែទៅហើយ គ្មានលុយគ្មានកាក់ឯណាសម្រាប់សម្រាលកូន បន្ទាប់ពីលោកប្តីរូបនេះសន្យាជាខ្យល់ថា នឹងឱ្យលុយចំនួន ១០០០ដុល្លារ សម្រាប់ទុកសម្រាលកូន នៅថ្ងៃទី៣០ ខែឧសភា កន្លងទៅ តែផ្ទុយទៅវិញ មិនដូចសន្យា ។

ចាំបាត់ៗយូរ ទើបនៅយប់ថ្ងៃកើតហេតុនេះ នាងខំមកទាំងត្រដរ និយាយរឿងលុយ ១០០០ដុល្លារ សំរាលកូនខ្ចីតែខាងប្រុសគ្មានវាចារណាឆ្លើយទេ មានតែកណ្តាប់ដៃ ជើងរន្ទះ ធាក់ ទាត់ ខណៈដែលនាងកំពុងពពោះ ៧ខែផង ចុកននៀលដេកដួលដី ថែមទាំងមានធ្លាក់ឈាម មិនដឹងថាវាសនាកូនក្នុងផ្ទៃជួបគ្រោះដល់កម្រឹតណានោះទេ ។

តាមនសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ សុំការអន្តរាគមន៍ពីសមត្ថកិច្ចក្នុងរឿងហឹង្សាខាងលើ ភ្លាមៗត្រូវបានមន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ បានចុះទៅអន្តរាគមន៍ សាកសួរនាំ មិនទាំងទាន់បានដឹងរឿងសព្វផង បុរសបង្កស្ទុះវឹង ខឹងក្នុងចិត្ត ច្បាមក្របួចកអាវមន្រ្តីនគរបាលមួយរូប ឈ្មោះ ហុង ឈន ជាមន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ ទាញចាប់រមួលកាច់ វាយមកលើមន្រ្តីនគរបាលរូបនោះ ទើបនគរបាលរូបនោះសម្រេចចិត្តដកខ្លួនគេច ថយជាបណ្តោះអាសន្នរង់ចាំបន្ថែមកម្លាំង ចូលទៅចាប់ឃាត់ខ្លួនជនបង្កបនដាក់ខ្នោះ នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ។

ជនបង្កផ្អែកទៅលើបណ្តឹងភាគីខាងអតីតប្រពន្ធ បង្កហឹង្សាបណ្រាលឲ្យមានរបួសស្នាម ប៉ះពាល់ទារកក្នុងផ្ទៃ និងរារាំង បង្កហឹង្សាមកលើមន្រ្តីនគរបាលទៀត ទើបឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ព្រហ្មទណ្ឌអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ សហការី KBN-LIVE.com