ភ្នំពេញ ៖ បុរសជាគ្រូបង្រៀនម្នាក់ បន្ទាប់ទំនេរពីការបង្រៀនសិស្ស ឆ្លៀតឱកាសមកទីក្រុងភ្នំពេញ បំណង់សួរសុខទុកប្រពន្ធ ដែលស្នាក់នៅប្រកបរបររកសុី តែមិនស្រួលខ្លួន ក៏ទៅរកកន្លែងកោសជប់ម៉ាស្សា អនិច្ចារ្យ ពុទ្ធោ ខណៈដែលលង់សម្រស់ ស្លុងអារម្មណ៍ចម្រៀងអូនច្រៀងឱ្យស្តាប់ ភ្លេចខ្លួន បាត់លុយអស់ ៦០០ដុល្លារ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះកោសជប់មួយកន្លែងគ្មានស្លាកយុីហោ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ ព្រំ ចាន់ថុន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គជ័យ កំពត ចំណែកប្រពន្ធ ប្រកបរបរ បើកកន្លែងបោកអ៊ុត ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយលុយកាក់ដែលបាត់បង់ចំនួន៦០០ដុល្លា ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា ខ្លួនទើបតែមកពីស្រុក មកលេងប្រពន្ធដែលរកសុីបោកអ៊ុត ក្នុងខណ្ឌសែនសុខ ហើយកាលពីវេលាម៉ោងខាងលើ ខណៈដែលមិនស្រួលខ្លួន បានទៅផ្ទះកោសជប់ម៉ាស្សាមួយកន្លែង តាមផ្លូវ២០០៤ ។ ជនរងគ្រោះរៀបរាប់ទៀតថា ពេលដែលដេកផ្កាប់មុខ នារីម៉ាស្សា ច្របាច់ឈ្លីក្បាល ហើយច្រៀងឱ្យស្តាប់ រួចរាល់ចប់ម៉ោង ហើយ លូកហោប៉ាវ ស្រាប់តែអុញ លុយក្នុងកាបូបបាត់អស់ ៦០០ដុល្លារ ទើបឆោឡោ ត្រូវបានក្រុមស្រ្តីម៉ាស្សា សម្របសម្រួលកុំឱ្យប្តឹង ពួកគេជួយសង ២០០ដុល្លារ តែជនរងគ្រោះមិនព្រម នៅថ្ងៃទី០២ ខែមិថុនា រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ចុះទៅដល់ផ្ទះកើតហេតុ តែត្រូវបានក្រុមស្រ្តីម៉ាស្សាគេចខ្លួនបាត់អស់ ។

ផ្ទះម៉ាស្សាខាងលើ បើតាមការចង្អុលបង្ហាញ ពីជនរងគ្រោះ បញ្ជាក់ភិនភាគក្រុមស្រ្តី ទាំងនោះ ត្រូវបានគេស្គាល់ ឈ្មោះ ហេង ធូ អាយុ ៣០ឆ្នាំ មុខរបរ កោសជប់ និងបើកកន្លែងសញ្ចាកម្ម ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។

ទី២ ឈ្មោះ សៅ សុខហេង អាយុ ១៨ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិពាមរ៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមពលរដ្ឋបានឱ្យដឹងថា គ្រាន់តែស្គាល់ភិនភាគ ស្គាល់ឈ្មោះស្រ្តីម៉ាស្សាទាំង ២នាក់ខាងលើ គេដឹងថាជាក្រុមល្បី ខាងលួចលុយរាប់លែងឈ្នះទៅហើយ ទោះជាប៉ូលីសចាប់ឃាត់ខ្លួន ចាត់ការតាមនីតិវិធី ដល់តុលាកា ក៏ត្រូវដោះលែងឱ្យវិលមកបើករបរនេះវិញដដែលដែរ មិនដែលឃើញ ស្រ្តី២នាក់នេះជាប់ទោស ជាប់ចោទអ្វីដែរ ប៉ូលិសវិលមុខ ធុញនឹងចាប់ស្រ្តីឆបោក បើតុលាកាចេះតែប្រលែងវិញដដែលយ៉ាងនេះ ។
ជនរងគ្រោះក្រោយពីចាញ់ល្បិចបន្លំលួចលុយអស់ ៦០០ដុល្លារបានត្រឹមរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍កាកាប ដើម្បីចាត់វិធានការជាថ្មី រង់ចាំមើលអ្នកច្បាប់មានដំណោះស្រាយបែបណាទៀត ៕ សហការី KBN-LIVE.com