ភ្នំពេញ ៖ យ៉ាងហោចមានអ្នករងរបួសធ្ងន់ ២នាក់ និងស្រាល ៣នាក់ ខណៈពេលម៉ូតូមួយ​គ្រឿងជិះទៅបុកម៉ូតូកង់បី ហើយម៉ូតូបានកល់ជាប់ក្រោមម៉ូតូកង់បី ធ្វើឱ្យកង់បីក្រឡាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ២៦៥ កែងផ្លូវ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ឬឡាំប៉ាតាមួយគ្រឿងម៉ាក បាចា ពណ៍លឿង អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ដឹកនារីម្នាក់ តាមបណ្តោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុនចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយស៊ូគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-7644 បើកបរដោយបុរស ៣នាក់ ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ១៥០ ក្នុងទិសដៅកើតទៅលិច ។

ខណៈមកដល់ចំណុចផ្លូវបំបែកជា៤ មិនបានបន្ថយល្បឿន បានជ្រុលទៅបុកចំក្បាលម៉ូតូកង់ បីពេញទំហឹងអូសទាំងម៉ូតូ និងកង់បីទៅផ្ទប់និងខឿនចិញ្ចើមផ្លូវ ធ្វើឱ្យម៉ូតូកល់​ជា​ប់​ក្រោមម៉ូតូ​កង់បី ផ្អៀងក្រឡាប់តែអ្នកបើកបរ និងអ្នករួមដំណើររងរបួសស្រាល ចំណែកឯម៉ូតូកៀបជាប់ក្រោយម៉ូតូកង់បី បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ២នាក់ និងស្រាលម្នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ២នាក់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹក យកទៅព្យាបាលម្នាក់​ និងម្នាក់ទៀតដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាបមក់សមត្ថកិច្ចជំនាញចរាចរណ៍បានមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ នាំយកម៉ូតូ និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ សហការី KBN-LIVE.com