រាជធានីភ្នំពេញ៖ ពលករខ្មែរជិត២០នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃាត់ខ្លួននៅកោះត្រល់ ក្នុងពេលឃាត់នាវារបស់ថៃ០៣គ្រឿង និង នាវានេសាទវៀតណាម០៤គ្រឿង។នេះបើយោងតាម អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា មានពលករខ្មែរ ចំនួន១៧នាក់ កាលពីថ្ងៃទី២១ ខែឧសភា ត្រូវបាននគរបាលសមុទ្រវៀតណាមឃាត់ខ្លួន ក្នុងពេលឃាត់នាវារបស់ថៃ០៣គ្រឿង (VOR LUCKY, BPP3, HAKUYO MARU ) និង នាវានេសាទវៀតណាម០៤គ្រឿង ដែលកំពុងធ្វើសកម្មភាពជួញដូរ និងដឹកជញ្ជូនប្រេងខុសច្បាប់នៅក្នុង ដែនសមុទ្រវៀតណាម។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ពលករខ្មែរខាងលើ កំពុងត្រូវបានឃុំខ្លួន បណ្ដោះអាសន្ននៅលើកោះ Phu Quoc (កោះត្រល់) ខេត្ដ Kien Giang ប្រទេសវៀតណាម។ ក្រោយទទួលបានដំណឹងពីការឃាត់ខ្លួននេះ ស្ថានទូតបានជូនដំណឹង និងស្នើស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ចុះទៅជួបសួរសុខពលករខ្មែរទាំង១៧នាក់ និង សម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីរៀបចំឲ្យពួកគេបានមកកម្ពុជាវិញ។
សូមបញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរវៀតណាមឃាត់ខ្លួនទាំង១៧នាក់នោះ មានពលរដ្ឋមកពីខេត្ត សៀមរាប ចំនួន១១នាក់ ខេត្តកំពង់ធំ ចំនួន៣នាក់ ខេត្តកំពង់ចាម ២នាក់ និងខេត្តកោះកុងម្នាក់៕ ផ្ដល់សិទ្ធដោយ៖ Kqube