ខេត្តឈៀងម៉ៃ ប្រទេសថៃ៖ កាលពីថ្ងៃ៣១ ឧសភា​ ២០១៧ នេះ មានការស៊ែរវីដេអូឃ្លីប កូនសិស្សសាលា ត្រូវបានអតីតសិស្សច្បង ដែលធ្លាប់មានរឿងជាច្រើនដង ហើយត្រូវបានសាលារៀន បញ្ឈប់និងដេញចេញពីសាលា កាលពីឆ្នាំកន្លងទៅនេះ បានហៅសិស្សប្អូនទៅវាយធ្វើបាប យ៉ាងសាហាវ ដោយទះកំភ្លៀង ចាប់បោចសក់ ទាត់ចំមុខ ជាពិសេសឲ្យលត់ជង្គង់ សំពះបាតជើងខ្លួនទៀតផង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី ៣០ ឧសភា ២០១៧ នៅក្បែរសាលាបឋមសិក្សាមួយកន្លែង ក្នុងខេត្តឈៀងម៉ៃ ដោយកុមារីរងគ្រោះ គឺជាសិស្សប្អូននាង ដែលកំពុងតែរៀនថ្នាក់ទី២ នៅក្នុងសាលារៀនខាងលើ តែសិស្សច្បងដែលធ្វើបាបនាងរូបនេះ ត្រូវបាននាយកគ្រប់គ្រងសាលា ដេញចេញ ពីសាលារៀនខាងលើតាំងពីឆ្នាំមុនមកម្ល៉េះ ។

រឿងនេះបានកើតឡើង ដោយសារតែសិស្សប្អូនដែលរងគ្រោះ រូបនេះបានបង្ហោះជេរសិស្សច្បង នៅក្នុងហ្វេសប៊ូកនូវពាក្យមិនសមរម្យ និងមានការជេរប្រមាថផងដែរ ទើបធ្វើឲ្យសិស្សច្បង ដែលគ្រូបណ្តេញចេញពីសាលារូបនោះ ខឹងសម្បារយ៉ាងខ្លាំង ក៏បានស្ទាក់ផ្លូវ ហើយវាយសិស្សប្អូនរូបនោះ ហើយបង្ខំឲ្យក្រាបសំពះបាតជើង របស់ខ្លួនទៀតផង ។

ក្រោយពីមានការបង្ហោះ ពីហេតុការណ៍ខាងលើនេះ នៅក្នុងបណ្តាញសង្គម បានធ្វើឲ្យមនុស្សជាច្រើន ធ្វើការរិះគន់យ៉ាងខ្លាំង ហើយប៉ូលិសក៏បានកោះហៅ គ្រួសារទាំង២ ឲ្យចូលខ្លួនដើម្បីអប់រំណែនាំ ដោយមានការចូលរួម ពីនាយកសាលាផងដែរ។

ប៉ូលិសក៏បានឲ្យសិស្សច្បងជើងកាងរូបនោះ ធ្វើកិច្ចសន្យាបញ្ឈប់ការវាយតប់ ទៅលើសិស្សប្អូន ក៏ដូចជាអ្នកដទៃទៀតផងដែរ ៕

ប្រភព៖ tnamcot
ប្រែសម្រួលដោយ៖ សហការី KBN-live.com