ក្រោយពី លោកឧកញ្ញា ឌួង ឆាយ ត្រូវបានតុលាកាក្រុងបាងកក កោះអញ្ជើញជាលើកទី២ ក្នុងក្ដីប្ដឹងផ្ដល់ជាមួយ មន្ទីរពេទ្យ Bumrungrad រួចមក លោកក៏បានធ្វើការផ្សាយផ្ទាល់មួយ នៅលើទំព័រ ហ្វេសប៊ុក របស់លោក ទាំងមានភាពមិនសប្បាយចិត្តចំពោះ ភាគី មន្ទីរពេទ្យ Bumrungrad ព្រោះតែខាងមន្ទីរពេទ្យមិនព្រមទទួលស្គាល់កំហុសខ្លួន ហើយលើសពីនេះ ថែមទាំងប្ដឹងបកមកលោកវិញ ដោយតម្រូវឱ្យលោកឧកញ្ញា ឌួង ឆាយ បង់ថ្លៃព្យាបាល ដែលលោកមិនទាន់បានបង់ ចំនួនប្រហែលត្រឹម ២ ទៅ ៣ម៉ឺនដុល្លារ (ប្រាក់សេសសល់មិនទាន់បង់) ។

នៅក្នុងវីដេអូផ្សាយផ្ទាល់ដែលមានរយៈពេល ជាង ១ម៉ោងរបស់លោក ឧកញ្ញា ឌួង ឆាយ កាលពីយប់មិញនេះបានឱ្យដឹងថា នៅលើតុចរចារវាងភាគីមន្ទីរពេទ្យ Bumrungrad និង លោក ឧកញ្ញា ឌួង ឆាយ គឺមិនបានទទួលលទ្ធផលល្អឡើយ ហើយថែមទាំងធ្វើឱ្យហួសចិត្ត ចំពោះការមិនទទួលខុសត្រូវរបស់ មន្ទីរពេទ្យ Bumrungrad ហើយថែមទាំងប្ដឹងទាមទារលុយដែលសេសសល់មិនទាន់បង់ ចំនួនប្រហែល ២ ទៅ ៣ម៉ឺនដុល្លារ ថែមទៀត ប៉ុន្តែការទាមទារនេះ លោកឧកញ្ញា មិនព្រមបង់ឡើយ ដោយលើកឡើងថា លោកអាចបង់បាន ប៉ុន្តែតើគួរបង់យ៉ាងណា បើការព្យាបាលរបស់មន្ទីរពេទ្យ គ្មានប្រសិទ្ធភាព ខុសបច្ចេកទេស ហើយថែមទាំងមិនយកចិត្តជាមួយជំងឺរបស់ប្រុសលោក បណ្ដោយឱ្យកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ប៉ះពាលសតិ បាត់បង់លទ្ធភាពសិក្សា ដែលធ្វើឱ្យខូចទាំងអនាគតកូនលោកថែមទៀតផង ។

នៅលើតុចរចារនោះដែរ ភាគីមន្ទីរពេទ្យ Bumrungrad បាននិយាយថា ខាងមន្ទីរពេទ្យអាចសងជំងឺចិត្តជូន លោកឧកញ្ញា ឌួង ឆាយ ត្រឹមចំនួន ពី ១០ ទៅ ១៥ម៉ឺនដុល្លារអាមេរិក ដែលជាចំនួនសំណងច្រើនលើសលប់ក្នុងប្រវត្តិសាស្ត្ររបស់ មន្ទីរពេទ្យ Bumrungrad ប៉ុន្តែទោះជាយ៉ាងណាលោកឧកញ្ញា មិនយល់ព្រម ហើយក្នុងនោះដែរលោក ឧកញ្ញា ឌួង ឆាយ បាននិយាយថា លោកអាចប្រមូលលក់ទ្រព្យសម្បត្តិទាំងអស់ ប្រគល់ឱ្យទៅមន្ទីរពេទ្យ Bumrungrad ប៉ុន្តែសុំតែមន្ទីរពេទ្យ អាចផ្ដល់ក្ដីសង្ឃឹមជាថ្មីជូនកូនប្រុសរបស់លោកវិញ តើខាងមន្ទីរពេទ្យអាចធ្វើបានទេ?

លោកឧកញ្ញា ឌួង ឆាយ បានសង្គត់ធ្ងន់ថា ពេលនេះលោក កំពុងបាក់ទឹកចិត្តខ្លាំង ដែលកំពុងត្រូវការ ការលើកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូន ក្នុងការប្ដឹងបន្តទៅកាន់ មន្ទីរពេទ្យ Bumrungrad ។

គួរបញ្ជាក់ដែរថា លោក ឧកញ្ញា ឌួង ឆាយ បានប្ដឹងទៅកាន់ មន្ទីរពេទ្យ Bumrungrad ដោយចោទប្រកាន់ថា ខាងមន្ទីរពេទ្យ មិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលកំពុងមានសភាពធ្ងន់ធ្ងរ ព្យាបាលខុសបច្ចេកទេស និងមិនអាចមានសមត្ថភាពគ្រប់គ្រងស្ថានភាពជំងឺកូនប្រុសរបស់លោក ៕

យុទ្ធ KBN

សូមទស្សនាវីដេអូ ដែលឧកញា ឌួង ឆាយ Live កាលពីយប់មិញ៖