ភ្នំពេញ ៖ បុរសជាជាងក្រឡឹងម្នាក់ បន្ទាប់ពីទំនេរ ឆ្លៀតតរាយខ្សែភ្លើងយកទៅឆក់ត្រីក្នុងស្រែ ក្បែរផ្ទះ តែជាអកុសល ភ្លាត់ស្នៀត ត្រូវបានឆក់ខ្លួនឯងស្លាប់ទៅវិញបបង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋក្នុងភូមិ ទោះជារត់ទៅជួយក៏ហួសពេលដែរ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ វាលស្រែក្បែរផ្ទះរបស់ជនរងគ្រោះ ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះ ចុក វី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង មានប្រពន្ធ ឈ្មោះ ចែម មករា អាយុ ៣៥ឆ្នាំ មុខរបរមេផ្ទះ មានកូនប្រុស ២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិកើតហេតុខាងលើ ជាង១ឆ្នាំមកហើយ មានស្រុកកំណើតភូមិ ភូមិព្រែកជីក ឃុំព្រែកជីក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា គេឃើញជនរងគ្រោះតរាយខ្សែភ្លើងយកមកឆក់ត្រី ២ថ្ងៃមកហើយ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានតរាយខ្សែភ្លើង ឆក់ត្រីសារជាថ្មីម្តងទៀត តែម្នាក់ឯង ស្រាប់តែនៅវេលាម៉ោងខាងលើ ដោយសារការធ្វេសប្រហែស ភ្លាត់ស្នៀត ត្រូវបានឆក់ស្លាប់ខ្លួនឯងទៅវិញ ដួលប្រកាច់ស្លាប់ក្នុងទឹកស្រែ ឃើញដូច្នោះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិឃើញផ្អើល ឆោឡោ រត់ទៅបិតផ្តាច់ចរន្តភ្លើង ជួយស្រង់ តែហួសពេលទៅហើយ ស្លាប់បាត់ជីវិត ពលរដ្ឋបានត្រឹមស្រង់ដាក់លើគោក រាយការណ៍ប្រាប់ប៉ូលិសឱ្យជួយចុះមកពិនិត្យមើល ។

សាកសពជនរងគ្រោះ ក្រោយពីនគរបាលជំនាញ ធ្វើការពិនិត្យកោសល្យវិច័យហើយ ឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងដោយខ្លួនឯង ហើយក្រុមគ្រួសារក៏មិនបានប្តឹងផ្តល់អ្វីដែរ រួចប្រគល់ជួនក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ សហការី kbn-live.com