ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តសាមុទ្រប្រាកាន បានប្រាប់ឲ្យដឹងថា មានករណីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនមួយ បានកើតឡើងនៅក្នុងផ្ទះជួលមួយកន្លែង នៅក្នុងទីរួមខេត្តសមុទ្រប្រាកានតែម្តង ។

ក្រោយពេលទៅដល់ផ្ទះកើតហេតុ ដែលមានកំពស់២ជាន់ ប៉ូលិសក៏បានប្រទះឃើញសពស្ត្រីម្នាក់ ឈ្មោះ មុល អាយុ២៧ឆ្នាំ ហើយត្រូវបានក្រុមជួយសង្គ្រោះ លើកចុះពីកន្លែងដែលនាងចង.ក មកដាក់នៅមុខផ្ទះកន្លែងចតរថយន្ត ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ សាកសពរួចមក ប៉ូលិសបានរកឃើញភស្តុតាង មួយចំនួនដូចជា កំប៉ុងស្រាបៀរចំនួន២កំប៉ុង និងបារី១ដើម ព្រមទាំងអំបែងកែវស្រា ដាក់នៅលើតុ ក្បែរសាកសពផងដែរ ។

ប៉ូលិសបានធ្វើការសាកសួរ បុរសម្នាក់ឈ្មោះ អេក អាយុ២៦ឆ្នាំ ដែលជាសង្សាររបស់អ្នកស្លាប់ ហើយបុរសនោះបានរៀបរាប់ ដំណើររឿងប្រាប់ប៉ូលិសថា ខ្លួនគាត់ និងសង្សារ បានស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំ មកហើយ ហើយបានសម្រេចចិត្ត មកជួលផ្ទះកើតហេតុខាងលើ ដើម្បីរស់នៅជាមួយគ្នា ដោយនាងបានចូលធ្វើការ នៅក្នុងក្រុមហ៊ុនឯកជនមួយ នៅក្នុងព្រលានយន្តហោះ ។

បុរសជាសង្សារ រៀបរាប់បន្តថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានឈ្លោះប្រកែកគ្នា រឿងដែលរូបគាត់ បានជក់បារីឡើងវិញ ក្រោយពីបានឈប់ជក់ អស់រយៈពេល៣ឆ្នាំមកហើយ ដោយសង្សាររបស់គាត់ បាននិយាយថា “ហេតុអ្វីបានជក់បារី ឈប់ស្រលាញ់គាត់ហើយមែនទេ? ” ក្រោយពីបានឈ្លោះប្រកែកគ្នាមក នាងក៏បានដើរចេញទៅទិញស្រាបៀរ ដើម្បីផឹកឌឺដាក់រូបគាត់ជាសង្សារ រួចហើយបានឡើងទៅជាន់ទី២ បាត់ទៅ ។

ដោយទៅយូរពេក ស្ងាត់មាត់ជ្រាប ប្រហែលជាកន្លះម៉ោង រូបគាត់ក៏បានឡើងទៅតាម ស្រាប់តែឃើញនាងចង.កសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ។

ករណីនេះ ក្រោយពីធ្វើការពិនិត្យរួចមក ប៉ូលិសបានធ្វើការសន្និដ្ឋានថា អាចមកពីការជក់បារី របស់សង្សាររបស់នាង ដែលធ្វើឲ្យនាងគិតខ្លី ឈានទៅដល់ការសម្លាប់ខ្លួនតែម្តង ព្រោះប៉ូលិសមិនបានពិនិត្យឃើញ មានស្លាកស្នាមអ្វី គួរឲ្យសង្ស័យផ្សេងទៀតនោះឡើយ ៕

ប្រភព៖ សារព័ត៌មាន ខោវស៊ុត