តាម​រយៈ​ការ​ចេញផ្សាយ​របស់​ព័ត៌មាន​ Channel News Asia ​កាល​ពី​​យប់​ថ្ងៃ​ពុធ​ ខែ​ឧសភា​ ម្សិល​មិញ កូរ៉េខាងជើង​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​សារព័ត៌មាន​រដ្ឋ​របស់​ចិន​ ដែល​បាន​វាយ​ប្រហារ​ពាក្យ​សម្ដី​មក​លើ​ទីក្រុង​ព្យុងយ៉ាង​ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង​ឆ្លើយ​តប​វិញ​ថា​ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ នឹង​មិន​អង្វរករ​សុំ​បន្ត​មិត្តភាព​ជាមួយ​ចិន​នោះ​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​បំណង​ចង់​ឲ្យ​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។

ការ​ចុះផ្សាយ​ទាមទារ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កាសែត​ព័ត៌មាន​ចិន ​The People’s Daily ​និង​កាសែត​ Global Times ​ត្រូវ​បាន​ទីក្រុង​ព្យុងយ៉ាង​វាយ​បក​វិញ​តាម​រយៈ​ទីភ្នាក់ងារ​សារព័ត៌មាន​​រដ្ឋ​ថា​ ពាក្យ​សម្ដី​ខ្វះ​ការ​ពិចារណា​របស់​ពួកគេ​ បាន​ធ្វើ​ប៉ះពាល់យ៉ាង​ខ្លាំង​​ដល់​ចំណង​មិត្តភាព​រវាង​ទ្វេភាគី​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​នឹង​គ្នា​។

គួរ​រម្លឹក​ផង​ដែរ​ថា​ មេដឹកនាំ​កូរ៉េខាងជើង​​បាន​លើកឡើង​ពី​បញ្ហា​នុយក្លេអ៊ែរ​នេះ​ កាល​ពី​ម្សិលមិញ​ថា ប្រទេស​ណា​ក៏​ដោយ​ ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ថា​ ដំណើរ​របស់​កូរ៉េខាងជើង​ ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ កំពុង​វិវត្តន៍​ទៅ​មុខ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ ដូច្នេះ​វា​មិន​អាច​ផ្លាស់ប្ដូរ​ ឬ​បោះបង់​ចោល​ឡើយ។ លើស​ពី​នេះ​​ កូរ៉េខាងជើង​ ប្ដេជ្ញា​ថា​ កម្មវិធី​នុយក្លេអ៊ែរ​ មាន​តម្លៃ​ស្មើ​នឹង​ជីវិត​ខ្លួន​ទៀត​ផង៕​ ផ្ដល់សិទ្ធដោយ៖ kqube