សិល្បៈ ៖ កញ្ញា ​នឿន ស្រីណា ​ហៅ​ អេនណា​ ត្រូវ​បាន​ផលិតកម្ម​ សាស្តា ​ប្រកាស​ជា​ម្ចាស់​ជ័យលាភី​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​​ទី​២៤​ ខែ មេសា​ ឆ្នាំ​២០១៧​ ក្រោយ​ពី​កញ្ញា​ឆ្លងកាត់​ការ​ប្រកួតប្រជែង​បេក្ខភាព​ចំនួន​១៣០​នាក់​ និង​បាន​ប្រព្រឹត្តិ​អស់​រយៈពេល​ជាង​៥​ខែ។​ ពេល​នេះ​កញ្ញា​បាន​ត្រៀម​ចេញ​បទ​ចម្រៀង​ចំនួន​៥​បទ​ ដើម្បី​ស្វាគមន៍​អ្នក​គាំទ្រ​របស់​ខ្លួន​។

ម្ចាស់​ជ័យលាភី​កម្មវិធី​ “តារា​ឯក​សាស្តា​” កញ្ញា ​នឿន ស្រីណា ​មាន​អាយុ ​២០​ឆ្នាំ​ កំពស់ ​១.៦០ ម៉ែត្រ​ទំងន់​ ៤៥ គីឡូក្រាម​ មាន​ស្រុក​កំណើត​នៅ​ ខេត្ត​ព្រះសីហនុ​ និង​ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ ផ្នែក​អាយ​ធី​ ឆ្នាំ​ទី​ ០៣​។​ ខណៈ​​ក្លាយ​ជា​តារា​ឯក​សាស្តា​ភ្លាម​ នៅ​ពេល​នេះ​កញ្ញា​អេនណា​ ក៏​ត្រៀម​ចេញ​CD Vol-21 ​មាន​ចំនួន​៥​បទ​ ដើម្បី​ស្វាគមន៍​អ្នក​គាំទ្រ​របស់​ខ្លួន​។

បទ​ចម្រៀង​ដែល​ត្រៀម​ចេញ​នេះ​បើ​តាម​ការ​បញ្ជាក់​ព័ត៌មាន​ពី​អ្នក​គ្រប់គ្រង​ផលិតកម្ម​ សាស្តា​ បាន​ប្រាប់​ថា ​បទ​ទី​០១​ “ដុត​បេះដូង​ចោល​” បទ​ទី​០២​ “ក្ដី​សុខ​បង​លើ​គំនរ​ទុក្ខ​អូន​” បទ​ទី​០៣​ “ឈឺ​ទ្រូង​ខាង​ឆ្វេង​” បទ​ទី​០៤​ “កុំ​ចោទ​អូន​ជា​មេ​រំខាន​” និង​បទ​ទី​០៥​មាន​ចំណង​ជើង​ថា ” រឿង​អី​ខ្ញុំ​ភ្លេច​គេ​មិន​បាន​” ។

ប្រភព​ខាង​លើ​នេះ​បន្ត​ថា ​បទ​ចម្រៀង​ទាំង​៥​នេះ​បាន​ផលិត​ជា​CD​រួច​រាល់​ហើយ​ គឺ​ផលិតកម្ម​ សាស្តា​ អាច​ចេញ​លើ​ទីផ្សារ​នៅ​ខ្ទង់​ពាក់​កណ្ដោល​ខែ​ឧសភា​​ ហើយ​ពេល​ចេញ​CD​រួច​ហើយ​ដែរ ក្រៅ​ពី​នេះ​ផលិតកម្ម​ក៏​ត្រៀម​ចេញ​ថត​ MV​ផង​ដែរ​៕

ផ្ដល់សិទ្ធិដោយ ៖ Kqube