តាម​រយៈ​អង្គការ Unicef ​ដោយ​មាន​ការ​ចូល​រួម​ពី​​មូលនិធិ​របស់ ​Messi បាន​​ផ្ដល់​ប្រាក់​សាង​សង​អគារ​សិក្សា​មួយ​ខ្នង​មាន​២០​បន្ទប់​ក្នុង​ប្រទេស​ស៊ីរី​ ដែល​កំពុង​តែ​ហែក​ហួរ​ដោយ​សង្គ្រាម។​

តាម​ប្រភព​ Marca ទឹក​ប្រាក់​បរិច្ចាគ​បាន​ពី​មូលនិធិ​របស់​កំពូល​តារា​បាល់ទាត់​របស់ ​Barcelona អាច​ឲ្យ​កុមារ​ក្រីក្រ​គ្រប់​ស្រទាប់​វណ្ណៈ​ចំនួន​ ១៦០០​នាក់​​ បាន​ចូល​រៀន​ជាមួយ​នឹង​គ្រឿង​សង្ហារិម​ តុ​សិក្សា​គ្រាប់​គ្រាន់​ ខណៈ​សង្គ្រាម​នៅ​តែ​បន្ត​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​នោះ។

របាយការណ៍​របស់ ​Marca បាន​បន្ត​ថា​បន្ទប់​ទាំង​អស់​ពោរពេញ​ទៅ​តុ​​កៅអី​ពេញ​ល្ម​មគ្រប់​គ្រាន់​ ខណៈ​អ្វី​ដែល​ពិសេស​ជាង​គេ ​គឺ​បន្ទះ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រព័ន្ធ​ពន្លឺ​ព្រះ​អាទិត្យ ​(បន្ទះ​សូឡា​)​មួយ​គ្រឿង​ត្រូវ​បាន​បំពាក់​ ដែល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ បរិស្ថាន​នៃ​ការ​សិក្សា​ក្នុង​សាលា​នេះ​ល្អ​ជាង​គេ​បំផុត​ក្នុង​ប្រទេស ​ទោះ​បី​ជា​មាន​សង្គ្រាម​រ៉ាំរ៉ៃ​ក៏​ដោយ។”

Messi មាន​វ័យ​២៩​ឆ្នាំ​គឺ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ Unicef ចាប់​តាំង​ពី​ឆ្នាំ ២០១០​​ហើយ​កាល​ពី​មុន​គាត់​ធ្លាប់​បង្ហាញ​ការ​ អាណិត​ដល់​កុមារ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ដែល​កំពុង​តែ​មាន​អសន្តិសុខ​ក្នុង​ប្រទេស​មួយ​ចំនួន ៕ សហការី kbn-live.com