ក្រោយពីមានការរិះគន់មិនសំចៃមាត់ទៅកាន់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនិងសកម្មភាពស្ងាត់ជ្រងំ គ្មានវិធានការណ៍ក្ដៅចាត់ការ ទៅលើផ្ទាំងផ្សព្វផ្សាយរឿងភាគថ្មីរបស់ថៃ​ «បារមី​នាគរាជ»​ រួចមក នៅក្នុងថ្ងៃនេះ​ ឯកឧត្តម ថៃ នរសត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានបកស្រាយឱ្យដឹង​ថា ក្រសួង​បាន​ឃើញ​របាយការណ៍​នោះ​ហើយ ហើយ​ឯកឧត្ដម បាន​ថ្កោល​ទោស​ចំពោះ​រឿង​ដែល​កើត​ឡើង ប្រសិន​បើ​រឿង​ខាង​លើ គឺ​ជា​រឿង​ពិត ដែល​មិន​ស្ថិត​ក្រោម​ការ​ប្រើ​បច្ចេកទេស​កាត់​ត​ណា​មួយ ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា «ជា​ការ​ពិតណាស់ រូប​អង្គរ​វត្ត​យើង​ត្រូវ​បាន​គេ​បង្ហោះ​ពាសពេញ​ពិភព​លោក​ទៅ​ហើយ ប៉ុន្តែ​តែ​ករណី​គេ​មក​ថត ឬ​យក​ទៅ​ប្រើ​ដាក់​ក្នុង​ភាពយន្ត​អី​អីចឹង អា​ហ្នឹង​ត្រូវ​សុំ​សិទ្ធិ​ពី​ក្រសួង ឬ​អាជ្ញាធរ​អប្សរា​ហើយ បើ​យក​ទៅ​ប្រើ​ដោយ​អត់​សុំ​ការ​អនុញ្ញាត គឺ​ខុស​ហើយ»​ ។

គួររំឭកដែរថា ថ្មីៗនេះ​ គេឃើញមានផ្ទាំងផ្សព្វផ្សាយរឿងភាគថ្មីរបស់ថៃ ដែលមានចំណងជើងថា «បារមីនាគរាជ»​ បង្ហោះព្រោងព្រាតពេញបណ្ដាញទំនាក់ទំនងសង្គម ដោយក្នុងផ្ទាំងផ្សព្វផ្សាយរឿងថ្មីនោះមានរូបអង្គរវត្តដែលជាដួងព្រលឹងខ្មែរទៅដាក់យ៉ាងច្បាស់ៗទៀតផង ដែលទង្វើនេះ បានធ្វើឱ្យកូនខ្មែរជាច្រើននាក់ មានអារម្មណ៍ក្ដៅក្រហាយ និងថ្កោលទោសទៅកាន់ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ហេតុអ្វីបានជាគ្មានចំណាត់ការចំពោះរឿងនេះ ។

បញ្ជាក់៖ រឿង «បារមី​នាគរាជ»​ គឺជារឿងភាគថ្មីរបស់ថៃ ដែលត្រៀមនឹងចាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ ៥ថៃ ដោយរឿងនេះនិយាយអំពី​ស្ដេច​នាគរាជ​មួយ ដែល​មាន​រិទ្ធិ​អាច​ក្រឡា​ខ្លួន​ជា​ប្រុស​ក៏​បាន​ស្រី​ក៏​បាន ដែល​ជា​ប្រភេទ​សត្វ​តំណាង ​ប្រជាជន​ថៃ​គោរព​បូជា៕​

យុទ្ធ kbn