ភ្នំពេញ ៖ យុវជនម្នាក់ធ្លាក់ខ្លួនឈានដល់ប្រឡូកក្នុងល្បែងគ្រឿងញៀន រហូតដល់ហ៊ានប្រព្រឹត្តអំពើលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ទោះជាកន្លងមកសមត្ថកិច្ចធ្លាប់ចាប់ បញ្ជូនដាក់មណ្ឌលអប់រំកែប្រែ តែនៅមិនកែខ្លួន មិនរាងចាល ចេញមកវិញដើរលួច ដើរឆ្កឹះសោ លួចទ្រព្យសម្បត្តិអ្នកដទៃដដែល ហើយត្រូវបានម្ចាស់បន្ទប់ ប្រជាពលរដ្ឋចាប់ខ្លួនសារជាថ្មីនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះបន្ទាប់ពីឡើងទៅលើផ្ទះជួលជាន់ទី២ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឆ្កឹះសោបន្ទប់ រើកាកាយ ប្រមូលឥវ៉ាន់ បានហើយ ត្រូវបានម្ចាស់រងគ្រោះមកដល់ទាន់ ស្រែកផ្អើលនាំគ្នាចាប់បានតែម្តង ។

ជនសង្ស័យឈ្មោះ ម៉ៅ ទូច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលដំរី សង្កាត់កាកាប មានស្រុកកំណើតភូមិសេរីសោភ័ណ្ឌ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយចាប់ខ្លួន រកឃើញសម្ភារៈ ឧបករណ៍សម្រាប់ឆ្កឹះសោ នៅនឹងខ្លួន ។ ចំណែកម្ចាស់បន្ទប់មានឈ្មោះ ដួង ពុទ្ធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ជាន់ទី២ ភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើត ភូមិកោះក្លន ឃុំកោះក្លន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរវល់ចេញក្រៅ ខ្លួនបានចាក់សោបន្ទប់ទុកចោល ស្រាប់តែនៅវេលាម៉ោងខាងលើ ពេលវិលមកដល់បន្ទប់វិញ ស្រាប់តែឃើញជនសង្ស័យ ដើរចេញពីបន្ទប់ខ្លួន ពិនិត្យមើលទ្វារបន្ទប់ឃើញរបើកសោរ ធ្លាក់រប៉ាត់របាយ សង្ស័យហៅសួរ បែជាបុរសខាងលើ បម្រុងរត់ ឃើញដូច្នោះស្រែកឆោឡោ ផ្អើលអ្នកជិតខាងចេញមកជួយចាប់ បានតែម្តង ហើយរកឃើញសម្ភារៈ របស់របរមួយចំនួនត្រូវបានជនសង្ស័យប្រមូលរួចជាស្រេច ។

តាមស្ត្រីឈ្មោះ កៀន សុកេត អាយុ ២៣ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះជួលចំណុចខាងលើ កើតមានចោរកម្មច្រើនលើកច្រើនសារមកហើយ ចូលលួចទ្រព្យសម្បត្តិ ញឹកញាប់ មិនដែលចាប់បាន ទើបតែលើកនេះជនសង្ស័យហ៊ានឡើងទៅបន្ទប់ជួល ឆ្កឹះសោបន្ទប់ជួល លួចទ្រព្យសម្បត្តិបានហើយ ម្ចាស់មកដល់ល្មម ស្រែកព័ទ្ធចាប់បានតែម្តង ។

ជនសង្ស័យរូបនេះ បានសារភាពផងដែរ កន្លងមករូបគេធ្លាប់ជាប់នៅមណ្ឌលកែប្រែឱកាសខ្ញុំអស់រយៈពេល៦ខែ ដោយសារប្រើប្រាស់គ្រឿងញៀន មកដល់លើកនេះ ចេញពីហូបកាហ្វេក្បែរនោះ នឹកឃើញ ផ្ទះជួលខាងលើមានសភាពស្ងាត់ ក៏ឡើងឆ្កឹះសោ បន្ទប់យកបាន សម្ភារៈ ទ្រព្យសម្បត្តិមួយចំនួនហើយ ត្រូវបានម្ចាស់មកទាន់ ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាប ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍នគរបាល និងកសាងសំណុំរឿង ទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕

សហការី kbn-live.com