ភ្នំពេញ៖ បងប្អូនខាងប្រពន្ធ ៣ទៅ៤នាក់ បានព្រួតវ៉ៃប្តី ដល់មុខប៉ុស្តិ៍ផអូរឫស្សី៣ គ្មានមន្ត្រីនគរបាលណា ហ៊ានឃាត់ឡើយ ទោះវ៉ៃនៅមុខសមត្ថកិច្ចក៍ដោយ។

ករណីហឹង្សា ខាងប្រពន្ធព្រួតវ៉ៃប្តីនេះ កើតឡើងនៅខាងមុខ ប៉ុស្តិ៍នរគបាលអូរឫស្សី៣ ផ្លូវ១៦៤ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ។

យោងតាមសំដី ជា ខាន់នី ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាប្អូនប្រុសខាងប្តី បានប្រាប់ថា មុនមានករណីហឹង្សាខាងស្រីព្រួតវ៉ៃ បងប្រុសរបស់ខ្លួន ដោយគាត់គ្រាន់តែ ទៅយកកូនប្រុសអាយុ២០ខែ ធ្លាប់មានរឿងកើតឡើង មួយលើកមកហើយ នៅម៉ោង៩យប់ ថ្ងៃទី២៩ មេសា ២០១៧ នៅម្តុំអាគារបូរីកីឡា ផ្លូវ២១១ ក្រុម១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយខាងប្រពន្ធ បានបញ្ជាអោយបងប្អូន ចាំវ៉ៃប្តីដែលជាបងប្រុសរបស់ខ្លួន ពេលទៅមើលកូន និងថែមទាំងស្រែក ប្រាប់ប្រជាពលរដ្ឋថា ចោរៗទៀត ដើម្បីអោយប្រជាពលរដ្ឋ យល់ច្រឡំនិងព្រួតវ៉ៃ តែសំណាងល្អ ត្រូវបានបកស្រាយរឿងទាន់ពេល ។

មកដល់លើកទី២នេះ បងប្រុសដែលជាប្តី បានមកយកម៉ូតូផ្ញើ នៅខាងមុខផ្សារសេរីភាព ស្រាប់តែខាងប្រពន្ធ មានគ្នាចំនួន៣ទៅ៤នាក់ បានព្រួតវ៉ៃរត់ រហូតជនរងគ្រោះ រត់មកដល់ខាងមុខប៉ុស្តិ៍នរគបាលអូរឫស្សី៣ ដើម្បីឲ្យប៉ូលិសជួយ តែត្រូវបានខាងប្រពន្ធ ព្រួតវ៉ៃមិនខ្លាចនរគបាល និងច្បាប់សោះឡើយ ហើយស្រែកថា វ៉ៃគាត់ងាប់គ្រាន់តែជាប់គុកប៉ុណ្ណោះ ហើយគុកគេធ្លាប់ហើយ អញ្ចឹងមិនខ្លាចគុកទៀតទេ។

ក្រោយកើតហេតុ នរគបាលប៉ុស្តិ៍អូរឫស្សី៣ មិនបានទទួលពាក្យប្តឹង និងឃាត់ខ្លួនជនបង្កទាំង៣ ឬ៤នាក់នោះទេ ថែមទាំងមានមន្ត្រីនរគបាល ជួយសម្របសម្រួលថា ជារឿងដណ្តើមកូនគ្នា តែរឿងបង្កហឹង្សា មិនបានលើកយកមកអនុវត្តន៍ទេ។

ជនរងគ្រោះ បានលើកឡើងថា ប៉ូលិសជាឪពុកម្ដាយ របស់បងប្អូនប្រជាពលរដ្ឋ តែពេលគេដេញវ៉ៃ ខំរត់មកប៉ុស្តិ៍ថាបានសុខ បែរជាគេវាយមុខសម្ថតកិច្ចទៀត ដោយមិនខ្លាចច្បាប់ឡើយ តើពួកគាត់ទៅពឹងពាក់អ្នកណាទៅ សូមជួយប្រាប់ផង???

សហការី KBN-live.com