ភ្នំពេញ ៖ កម្មករសំណង់ ៣នាក់ នាំគ្នាទៅរកត្រី និងបង្កងនៅមាត់ច្រាំងទន្លេ បានប្រទះឃើញ​សព ទារក​ដេកផ្កាប់មុខ នៅច្រាំងទន្លេ មានសភាពហើមស្អុយទៅហើយ បង្ក​អោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១​យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ​នៅមាត់ច្រាំងទន្លេចំណុចស្ថានីយ៍បូមទឹក ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសជាកម្មករសំណង់ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ចំនួន ៣នាក់ ដែលប្រទះឃើញ សព​ទារកមានទី១​ឈ្មោះ រិទ្ធ ធារ៉ា ​អាយុ ៣៥ឆ្នាំ ​​ស្នាក់នៅក្នុងមន្ទីរពេទ្យ ទី២​ឈ្មោះ យី ហោង ​អាយុ៤០ឆ្នាំ ​និងទី៣មានឈ្មោះ ខ្លៀង ភេទប្រុស អាយុ៣៣ឆ្នាំ ទាំង ៣នាក់ធ្វើការជា​​មួយគ្នា ស្នាក់នៅ​ក្នុងមន្ទីរពេទ្យព្រះកុសុមៈ ​មានស្រុកកំណើតនៅភូមិក្រហេ ឃុំព្រែកគុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាន ពីបុរស៣នាក់ ដែលប្រទះឃើញ សពទារកមុនគេ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានបបួលគ្នា ទៅរកត្រី និងបង្កងនៅមាត់ទន្លេ ព្រោះឮគេប្រាប់ថា ​
សំបូរអ្នករកបានត្រី និងបង្កងណាស់ ខណៈពេលកំពុងតែ រកត្រីនិងបង្កង ស្រាប់តែ​ប្រទះឃើញ សពទារកដេកផ្កាប់មុខ នៅមាត់ច្រាំងទន្លេ នៅលាយលំជាមួយកំប្លោក ធ្វើឲ្យពួកគាត់​នឹកស្មានថា ជារូបតុក្កតាក៏យកជើងជាន់ មើលទើបដឹងថា ជាសពទារកដេកស្លាប់​ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ពិនិត្យមើល សពទារកនោះ​ ទើបតែកើតបាន៥ខែតែប៉ុណ្ណោះ មិនដឹងថា ម្តាយ​​បង្កើតកូនមកហើយ ហេតុអីយកកូនទៅ​បោះចោល ដូចសំរាមទៅវិញ ។

អ្នកឃើញ ហេតុការណ៍ខាងលើនេះ បានសន្និដ្ឋានខុសៗគ្នាថា ទារកខាងលើ បានស្លាប់​ហើយ ទើបម្តាយយកទៅ ទម្លាក់ចោលក្នុងទឹកទន្លេ ។ ចំណែកខ្លះទៀត បានលើកឡើងថា ទារកខាងលើ អាចមិនទាន់ស្លាប់ តែម្តាយចិត្តអាក្រក់ បានយកកូនទៅទម្លាក់ចោលក្នុងទឹកទន្លេ ឲ្យស្លាប់រហូតមានសភាព ហើមទៅហើយ ។

ក្រោយពេលកើតហេតុ​ សពទារក​ខាងលើ ត្រូវបានមន្រ្តីសាលាសង្កាត់ស្រះចក យកទៅ​បូជានៅឯវត្តទួលសង្កែ ៕

សហការី kbn-live.com