ភ្នំពេញ ៖ យុវជនម្នាក់ ដឹកព្រះសង្ឃទៅរៀន ត្រូវរថយន្តកុងតឺន័រ ​បត់ចូលក្រុមហ៊ុន ក្នុងល្បឿន​លឿន ហើយអត់ស៊ីញ៉ូ បានបុកម៉ូតូខ្ទេចខាងមុខ កិនអ្នកបើកម៉ូតូបែកក្បាល ធ្លាយខួរស្លាប់ ចំណែកព្រះសង្ឃ ដែលរួមដំណើរជាមួយ មិនមានរងរបួសទេ។ ហេតុការណ៍នេះ ​កើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ នៅមុខក្រុមហ៊ុន 
អេស ប៊ី អិល អាហរណ័ នីហរណ័ នឹងដឹកជញ្ជួន ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

យុវជនដែលស្លាប់ មានឈ្មោះ ឱក សុផាន់ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃវែង សង្កាត់ពងទឹក ខណ្ឌដង្កោ ចំណែកព្រះសង្ឃ ដែលរួមដំណើរជាមួយ មានព្រះនាម ពួន សីហា ព្រះជន១៨វស្សា គង់នៅវត្តព្រៃវែង ក្នុងភូមិព្រៃវែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

​តៃកុងរថយន្តបង្ក មិនបានស្គាល់អត្គសញាណទេ បើកបររថយន្តម៉ាក FREIGHTL​INER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣C4523 ចំណែកម៉ូតូ របស់យុវជនរងគ្រោះ ម៉ាកzooMERx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1-DH៤០៩៣ ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​ជនរងគ្រោះមានផ្ទះ នៅក្បែរវត្តព្រៃវែង មុនពេលកើតហេតុ ព្រះសង្ឃបានពឹងឲ្យឌុបព្រះអង្គទៅរៀន ដោយ​ជិះម៉ូតូម៉ាក zooMERx ដឹកព្រះ​សង្ឃ​មួយអង្គ ពីវត្តព្រៃវែង ទៅរៀននៅវត្តជម្ពូវន្ត បើកបរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ចំណែករថយន្តបង្ក ជាប្រភេទរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនអេស ប៊ី អិល អាហរណ័ នីហរណ័ នឹងដឹកជញ្ជួន បើកបរពីជើងទៅត្បូង ក្នុងទិសដៅច្រាសគ្នា ខណៈមកដល់ចំណុចកើតហេតុ រថយន្តបើកលឿន ហើយបត់ឆ្វេងចូលក្រុមហ៊ុន ដោយមិនបានស៊ីញ៉ូទេ បានបុកម៉ូតូ ខ្ទេចផ្នែកខាងមុខ កិនអ្នកបើកម៉ូតូ បែកក្បាលធ្លាយខួរស្លាប់ ចំណែកព្រះសង្ឃ ដែលរួម​ដំណើរជាមួយ លោតចេញពីម៉ូតូទាន់ មិនមានរងរបួសទេ ។

ក្រោយពេលកើតហេតុ រថយន្តបានបើកកិនម៉ូតូ ហើយបើកចូល ទៅក្នុងក្រុមហ៊ុនបាត់ស្រមោល រីឯតៃកុងរថយន្តរត់គេចខ្លួន ។ សពត្រូវបានគ្រួសារដឹកយកទៅធ្វើបុណ្យ​ តាមប្រពៃណី រីឯរថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ ចូលទៅយកទៅរក្សាទុក នៅ​ការិយាល័យនគរបាលចរាចរណ៍ រួមជាមួយម៉ូតូជនរងគ្រោះ ៕

សហការី KBN-live.com