ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តដឹកម្តាយ និងកូនតូចទៅមន្ទីពេទ្យ ខណៈមកដល់ចំណុចផ្លូវ២៧១ កែងផ្លូវទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ស្រាប់តែមានអាការៈមិនស្រួល ត្រូវបានម្តាយ ហៅរឺម៉កម៉ូតូកង់បី ដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យព្រះកុសមៈ ប៉ុន្តែអកុសល់ពេលទៅដល់ លោកគ្រូពេទ្យបានប្រាប់ថា បុរសនេះបានដាច់ខ្យល់ ស្លាប់តាំងពីតាមផ្លូវមកម្លេះ។

សពបុរសខាងលើ ឈ្មោះ ឈុន ផេង អាយុ៣៤ឆ្នាំ មុខរបរវិស្វករស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើត ភូមិព្រែកតា ស ឃុំអ្នកលឿង ស្រុកពានរោជ៍ ខេត្តព្រៃវែង។

តាមសំដីស្ត្រីឈ្មោះ ហៅ ស៊ឹម អាយុ៦២ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានប្រាប់ថា នៅមុនកើតហេតុ ចៅប្រុសគាត់ អាយុ៤ឆ្នាំ មិនស្រួលខ្លួន ពេលនោះកូនគាត់ បានបើរថយន្តគោលបំណង ជូនទៅមន្ទីពេទ្យ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែដោយសាផ្លូវស្ទះ កូនគាត់បានជាន់ហ្វ្រាំង រថយន្តបង្អង់ឈប់ លុះផ្លូវទូលាយ មិនឃើញបើកទៅមុខ ពេលនោះគាត់មើលមកកូន បើករថយន្តស្រាប់តែឃើញ ដេកលើចង្កូតរថយន្តទៅវិញ។

ស្ត្រីដដែលបានប្រាប់ទៀតថា ពេលឃើញដូចនោះ គាត់បានបើកទ្វារថយន្ត និងបានហៅអ្នកដំណើរ តាមដងផ្លូវ ជួយនិងបានដឹកកូន តាមរឺម៉កម៉ូតូកង់បី យកមកសង្គ្រោះ នៅមន្ទីពេទ្យព្រះកុសុមៈ ប៉ុន្តែអកុសល ពេលមកដល់គ្រូពេទ្យបានប្រាប់ថា កូនគាត់ដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។

ក្នុងករណីខាងលើនេះ ក្រោយហេតុការណ៍កើតឡើង សាច់ញាតិបានដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតខេត្តព្រៃវែង៕

សហការី KBN-live.com