ភ្នំពេញ៖ ចោរស្រីវ័យចំណាស់ សកម្មខាងទម្លាក់យោង ប្រព្រឹត្តជាង ១០០លើក ពេលនេះអស់ល័ក្ខ ក្រោយពីធ្វើសកម្មភាពទម្លាក់យោង ដោះយកគ្រឿងអល័ង្កាបានសម្រេច ហើយត្រូវបានបែករឿង ពលរដ្ឋនិងជនរងគ្រោះ ចាប់បានម្នាក់ប្រគល់ឲ្យប៉ូលិស ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ សំណាងល្អសម្ភារៈ មិនបានបាត់បង់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅមុខរោងចក្រដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជនសង្ស័យមានឈ្មោះ នឹម ស្រីអូន ហៅ យ៉ា អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក មានស្រុកកំណើតភូមិអង្គរកា ឃុំត្រពាំងធំជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកស្រីក្មេងរងគ្រោះ មានឈ្មោះ ស្រូយ ស្រីល័ក្ខ អាយុ ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្រាំងតាពូង សង្កសត់បារាយ ទីរួមខេត្តតាកែវ ។ សម្ភារៈដែលស្រ្តីសង្ស័យប៉ុនប៉ងដោះយក មានខ្សែក១ខែ្សទម្ងន់៥ជី ចិញ្ចៀនប្លាទីន ២វង់ ក្រវិល ១គូរ កងដៃ ទូូរស័ព្ទសាំសុង ១គ្រឿង តែសំណាងល្អយកបានមកវិញ ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ពេលដែលចេញសម្រាកហូបបាយនៅបន្ទប់ជួល រួចចង់និយាយទូរស័ព្ទក្នុងបន្ទប់អត់មានសេវា ដូច្នេះខ្លួនក៏ដើរចេញមកផ្លូវកែងរោងចក្រក្បែរនោះ ។ កំពុងតែប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ស្រាប់តែជនសង្ស័យខាងលើដើរមកសួរថា មានឃើញ ឬរើសបានកញ្ចប់ថង់មួយដាក់មាសអត់ នាងក៏តបតវិញថា មិនឃើញទេ ពេលនោះហើយ ក៏លេចមុខស្រ្តីជនសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថា កុំមាត់រូបគេជាអ្នករើសបាន កុំប្រាប់អ្នកណាឲ្យដឹងរឿងយើង រង់ចាំចែកគ្នា ។

ថាហើយ ជនសង្ស័យទះស្មាមួយដៃល្បួងនាំឡើងជិះម៉ូតូ បើកបរដោយបុរសម្នាក់ទៀត ជិះទៅដល់ចំណុចមុខសួនកាណាឌីយ៉ា ឈប់ម៉ូតូជនសង្ស័យ លាត ស្រាយមាត់ថង់ឲ្យមើល ឃើញលោហៈពណ៌ក្រហម ហុចទៅឲ្យជនរងគ្រោះ ហើយពួកគេដោះយកគ្រឿងអល័ង្កាពីខ្លួនទើរទាំងអស់ទៅហើយ សល់តែចិញ្ចៀនមាស១វង់ ជនរងគ្រោះប្រកែក ត្រូវបានស្រ្តីជនសង្ស័យទាំង២នាក់ចាប់ដៃទាញ ហើយនៅពេលដែលប្រទាញប្រទង់គ្នានេះហើយ ទើបក្រុមអ្នកម៉ូតូឌុបក្បែរនោះឃើញ សង្ស័យស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យផ្អើលរត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរនោះចាប់បានម្នាក់ ដែលជាមេក្លោង អ្នកនាំដោះគ្រឿងអល័ង្កា ចំណែកបក្ខពួក ២នាក់ទៀតរត់គេចខ្លួនបាត់ ។

គ្រឿងអល័ង្កាដែលដោះពីខ្លួនជនរងគ្រោះបាននោះ ក៏បានយកមកវិញភ្លាមដែរ មិនមានបាត់បង់របស់ណាមួយឡើយ ។ ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំគ្នាប្រគល់ជូនប៉ូលិសចាត់ការទៅតាមផ្លូវច្បាប់ ។

តាមចម្លើយសារភាព ស្រ្តីជនសង្ស័យបានសារភាពថា រូបគេពិតជាសកម្មខាង ប្រព្រឹត្តសកម្មភាពទម្លាក់យោង បានសម្រេចសរុបជាង ១០០ដង ទើបតែសមត្ថកិច្ចចាប់ខ្លួនបាន ១លើកនេះទេ លើកមុនៗ រួចខ្លួនរហូត ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ។ តែទោះជាយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋនៅតែគ្មានជំនឿទៅលើតុលាកា ក្រោយពីឃាត់ខ្លួនក្នុងរយៈពេល៣ទៅ ៤ថ្ងៃ ច្បាស់ប្រាកដជាដោះលែង ឲ្យចេញដើររកសុី ប្រព្រឹត្តបទល្មើសវិញដដែល ៕ សហការី KBN-live.com