ពាក្យថាស្នេហាគឺមានន័យទូលំទំលាយណាស់ ហើយក៏គ្មានអ្នកណាម្នាក់អាចវាស់​ ឬស្មានដឹងពីទំហំនៃក្ដីស្រឡាញ់បានឡើយ ហើយក្ដីស្រឡាញ់នេះទៀតសោតមិនប្រកាន់ អាយុ វណ្ណៈ ពណ៌សម្បុរទេ ជាស្ដែងដូចជាបច្ចុប្បន្ននេះ ពិភពលោកកំពុងទទួលយកនៃក្ដីស្រឡាញ់រវាងមនុស្សភេទដូចគ្នាជាដើម ។

ជាមួយគ្នានៃដែរ ព្រោះតែទំហំនៃក្ដីស្រឡាញ់​ ទើបកន្លងមកមានបុរសវ័យ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ីម្នាក់​ បានសម្រេចចិត្តរៀបការជាមួយស្រ្តីជរាវ័យ ៨២ឆ្នាំ ដោយថែមទាំងហ៊ានជំទាស់ចិត្តគ្រួសារទៀតផង ។

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលើឈ្មោះ Sofian Loho Dandel អាយុ ២៨ឆ្នាំ បានលង់ស្រឡាញ់លោកយាយឈ្មោះ Martha Potu អាយុ ៨២ឆ្នាំ ដោយរឿងរាវស្នេហាមួយនេះ ផ្ដើមឡើយដោយសារឆ្លើយឆ្លងតាមទូរស័ព្ទ ។ Sofian Loho Dandel គឺជាជាងម៉ាស៊ីនម្នាក់ ដែលមិនដែលខ្វាយខ្វល់ចំពោះស្រីណាម្នាក់ឡើយ ដូចនេះហើយទើបគេគ្មានមិត្តស្រីទេ ។

ប្រហែលជានិស្ស័យ ថ្ងៃមួយលោកយាយ Martha Potu បានទូរសព្ទច្រឡំចូលទូរសព្ទរបស់ Sofian Loho Dandel ហើយពួកគេក៏និយាយគ្នាប្រហែលរយៈពេល ១ម៉ោង ។ ក្រោយមក ជាងម៉ាស៊ីអភព្វស្នេហ៍ខាងលើ បានទូរសព្ទទៅលោកយាយ Martha Potu ម្ដង ហើយពួកគេបាននិយាយគ្នាយ៉ាងយូរ ។ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់ កាន់តែល្អ ហើយនិយាយត្រូវគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់លោក Sofian Loho Dandel ភ្លេចខ្លួនមិនដែលសួរអាយុភាគីខាងស្រីឡើយ ។

រយៈពេលមួយឆ្នាំបន្ទាប់ពីបានរាប់អានគ្នា ថ្ងៃមួយភាគីខាងស្រី បានណាត់ភាគីខាងប្រុសជួបមុខគ្នាផ្ទាល់ ដោយលោកយាយ Martha Potu បានអញ្ជើញជាងម៉ាស៊ីន Sofian Loho Dandel មកលេងផ្ទះ ។ ពេលដែល Sofian Loho Dandel មកដល់ផ្ទះគូស្នេហ៍ គាត់មានអារម្មណ៍តក់ស្ដុតយ៉ាងខ្លាំង ពេលដែលឃើញសភាពជរារបស់ Martha Potu ប៉ុន្តែទោះជាយ៉ាងណាគាត់បានសម្រេចចិត្តរស់នៅជាមួយគូស្នេហ៍ជរានៅថ្ងៃនោះតែម្ដង រហូតដល់មិនយូរប៉ុន្មានពួកគេក៏សម្រេចចិត្តរៀបការជាមួយគ្នាជាប្ដីប្រពន្ធពេញសិទ្ធ ។

ជាមួយគ្នានេះ លោកយាយអាយុ ៨២ឆ្នាំ Martha Potu បាននិយាយថា គាត់មានអារម្មណ៍ឯកាខ្លាំងណាស់ បន្ទាប់ពីប្ដីស្លាប់ចោលរយៈពេល ១០ឆ្នាំ​​ ហើយមានកូនប្រុស ២នាក់ ពួកគេទៅធ្វើការបាត់ៗពីផ្ទះ ទុកឱ្យគាត់នៅម្នាក់ឯង ៕

យុទ្ធ KBN

ប្រភព៖ ដឹខូវឺរ៉េក