រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​គំរាម​សហរដ្ឋ​អាមេរិក​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីងតោន​បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​ខ្លួន​ឈប់​ទារ​ថ្លៃ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល ពី​កូរ៉េខាងត្បូង​ទៀត​ហើយ​ ដោយ​អះអាង​ថា ​ទីក្រុង​សេអ៊ូល​គឺ​ជា​អ្នក​ផ្ដល់​ទីតាំង​សម្រាប់​តំឡើង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ THAAD​ រី​ឯ​អាមេរិក​គឺជា​អ្នក​ចំណាយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​យ៉ុនហាប់ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០១​ ខែ​ឧសភា។

តាមរយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ Kim Kwan-jin និង​ប្រធាន​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក​ McMaster ​ភាគី​អាមេរិក​បាន​លើក​ឡើង​ថា​ “សម្ពន្ធភាព​ជាមួយ​កូរ៉េខាងត្បូង​គឺ​ជា​អាទិភាព​កំពូល​មួយ​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ឈរ​នៅ​ពី​ក្រោយ​គាំទ្រ​ទីក្រុង​សេអ៊ូល​ ១០០​ភាគ​រយ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពីសំណាក់​កូរ៉េខាងជើង”។

ទន្ទឹម​គ្នា​នេះ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​បាន​បន្ថែមថា ចំពោះ​ការ​ទារ​ថ្លៃ​ដំឡើង​ THAAD ១​ពាន់​លាន​ដុល្លារ​ពី​កូរ៉េខាងត្បូង​កន្លង​មក ​គឺ​គ្រាន់តែ​គិត​គូរ​ពី​ការ​ចង់​បាន​នៃ​ប្រជាជន​អាមេរិក​លើ​ការ​ចែក​រំលែក​​ការ​ចាយវាយ​ពី​សម្ព័ន្ធ​មិត្ត​តែប៉ុណ្ណោះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ វត្តមាន​ THAAD​ នៅ​កូរ៉េខាងត្បូង​កំពុង​ប្រឈមមុខ​នឹង​ការ​ព្រមាន​យ៉ាង​ខ្លាំង​ពី​សំណាក់​កូរ៉េខាងជើង​ ចិន ​និង​រុស្ស៊ី​ជាដើម​៕ ផ្ដល់សិទ្ធដោយ៖ Kqube