គ្រោះថ្នាក់​ចរាចរណ៍​មួយ​យ៉ាង​រន្ធត់​បាន​កើតឡើង​នៅប្រទេស​ឥណ្ឌូណេស៊ី​ ​បណ្ដាល​ឲ្យ​មាន​មនុស្ស​​យ៉ាងហោចណាស់​ ១១​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់​ ខណៈ​ដែល​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បើក​​បុក​រះ​​ទៅលើ​រថយន្ត​ជាច្រើន​គ្រឿង​ ដោយ​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Channel News Asia​ ​នា​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​ឧសភា ឆ្នាំ​២០១៧។

អាជ្ញាធរ​បាន​បញ្ជាក់​ថា​ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ បាន​បុក​រះ​មក​លើ​រថយន្ត​ដទៃ​ទៀត​ចំនួន​ ៤​គ្រឿង​ និង​ម៉ូតូ​ជាច្រើន​គ្រឿង​នៅ​តាម​ផ្លូវ ភ្លាមៗ​នោះ​ក៏​បាន​ក្រឡាប់​តែម្ដង​​នៅ​ខាង​លិច​ខេត្ត​ Java ​ប្រទេស​ឥណ្ឌូណេស៊ី​ ចម្ងាយ​ប្រមាណ​ជា​ ៩០​គីឡូម៉ែត្រ​ពី​ខាង​ត្បូង​ក្រុង​ ហ្សាកាតា ​ដោយ​សង្ស័យ​ថា​ អាច​នឹង​បណ្ដាល​មក​ពី​រថយន្ត​ដាច់​ហ្រ្វាំង​៕ ផ្ដល់សិទ្ធដោយ៖ Kqube