ភ្នំពេញ៖ បុរសម្នាក់មានប្រពន្ធនិងកូនរួចទៅហើយ បានលួចលាក់ទាក់ទងស្ត្រីមេម៉ាយកូនមួយតាមបណ្ដាញសង្គមហ្វេសប៊ុក ស្រឡាញ់គ្នាជាច្រើនឆ្នាំហើយត្រូវបានបែកធ្លាយរឿងដល់ប្រពន្ធដើម ហៅលោកប្តីកំហូចនិងស្ត្រីជាប្រពន្ធចុងទៅធ្វើកិច្ចសន្យា នៅមុខសត្ថកិច្ចឱ្យអ្នកទាំង ២នាក់ឈប់ទាក់ទងគ្នា ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០១ ខែឧសភាឆ្នាំ២០១៧ នៅប៉ុស្តិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ។​

ប្តីកំហូចដែលលួចទាក់ទងស្រីថ្មីនោះ មានឈ្មោះ ជួន ចេក អាយុ ៣២ឆ្នាំ មានមុខរបរជាងម៉ូតូ រីឯប្រពន្ធដើមមានឈ្មោះ យឿន ចាន់នី អាយុ ៣៤ឆ្នាំ មានមុខរបរលក់ដូរ អ្នកទាំង ២នាក់មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ​ ចំណែកឯស្ត្រីជាប្រពន្ធចុង មានឈ្មោះ សយ ម៉ារ៉ា អាយុ ៣២ឆ្នាំ មានមុខរបរលក់នៅផ្សារធំទួលសង្កែ(ហៅផ្សារសាំផាន់)ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះបន្ទប់ជួល នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។​

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលើនិងស្ត្រីមេម៉ាយកូនមួយនោះ បានស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយបុរសនោះបានលួងលោមសុំស្នេហ៍ពីនាងដោយអះអាងប្រាប់នាងថាខ្លួនជាបុរសពោះម៉ាយ រួចបានខលទូរស័ព្ទមកប្រាប់ និងសុំស្នេហ៍នាងជាញ៉ឹកញ៉ាប់ ទើបនាងព្រម ហើយបុរសខាងលើបានជួលផ្ទះឱ្យនាងស្នាក់នៅរបៀបលួចលាក់រយៈពេលជាង ៤ឆ្នាំមកហើយ។​

ប្រភពបានបន្តឱ្យដឹងថា នៅមុនបែកធ្លាយរឿងដល់ប្រពន្ធដើម បុរសជាប្តីបានថតរូបជាមួយប្រពន្ធចុងមួយសន្លឹក រួចបង្ហោះលើអាខោនហ្វេសប៊ុករបស់ខ្លួន បន្ទាប់មកត្រូវបានប្រពន្ធដើមឆែកមើលឃើញក៏បានគុបពី (copy) រូបនោះយកទៅបង្ហោះនៅលើអាខោនរបស់ខ្លួន ដោយសសេរអក្សរថា ចោរលួចប្តីគេ ទើបធ្វើរឱ្យស្ត្រីជាប្រពន្ធចុង មានការខឹងសម្បាយ៉ាងខ្លាំង រួចពួកគេទាំង ២នាក់បានឈ្លោះប្រកែកគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីពួកគេឈ្លោះប្រកែកគ្នារួចហើយ ស្ត្រីជាប្រពន្ធដើមបានហៅលោកប្តីកំហូច និងស្ត្រីជាប្រពន្ធចុងណាត់ជួបគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋាលទួលសង្កែ ដើម្បីធ្វើរកិច្ចសន្យានៅមុខសត្ថកិច្ច រវាងអ្នកទាំង ២នាក ឱ្យ់ឈប់ធ្វើការទំនាក់ទងគ្នាចាប់ពីថ្ងៃនេះតទៅទៀត៕ សហការី kbn-live.com