ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកសន្លប់ក្នុងថ្លុកឈាមនៅក្បែរកង់មួយគ្រឿង សង្ស័យថារថយន្តកៀរឲ្យដួល​បែកក្បាលធ្ងន់ធ្ងរ​ ​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយ ប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំនុចមុខរោងចក្រ គង់ ហុង ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

​ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ ​គាត់បានធ្វើ​ដំណើរឆ្លងកាត់កន្លែងកើតហេតុខាងលើ ក៏ប្រទះឃើញជនរងគ្រោះដេកនៅលើថ្នល់ទាំងមានស្នាមបែកក្បាល​សុទ្ធតែឈាមហូរពេញថ្នល់ ​នៅក្បែរខ្លួនជនរងគ្រោះក៍ឃើញមានកង់មួយគ្រឿងពណ៌ក្រហម សង្ស័យជាកង់របស់ជនរងគ្រោះផងដែរ .

ភ្លាមៗនោះ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលឆ្លងកាត់កន្លែងកើតហេតុ បានជួយលើករូបគាត់យកទៅដាក់​នៅលើខឿនមុខរោងចក្រខាងលើ ​នៅក្នុងថង់មួយដែលនៅលើខ្លួនជនរងគ្រោះមានតែទូរសព្ទ័ម៉ាកសូនីមួយគ្រឿងតែប៉ុណ្ណោះ និងក្រណាត់មួយ ហើយជនរងគ្រោះសង្ស័យថាជាសន្តិសុខឯកជនដែលទើបតែចេញពីធ្វើការ ។

​ក្នុងករណីខាងលើ សមត្ថកិច្ចសង្ស័យថាត្រូវបានរថយន្តកៀទើបបណ្ដាលអោយដួលបែកក្បាលដូចនេះ ។
​ទោះជាយ៉ាងណាក៍ដោយ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក​ រស្មី ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំនែកឯកង់វិញត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់មកទទួលយកទៅវិញ ៕ សហការី kbn-live.com