ភ្នំពេញ៖ បុរសម្នាក់នាំសង្សារចូលច្រៀងខារ៉ាអូខេ ចេញមកវិញបានឈ្លោះប្រកែកគ្នាជាមួយសង្សារប្រទាញប្រទង់ គ្នាធ្វើឲ្យ​ក្រុមម៉ូតូឌុប និងអ្នកកាសែតស្មានតែវាយគ្នា ក៏បានចូលទៅជួយឃាត់ បានទាស់សម្តីគ្នា ក៏ត្រូវបានក្រុមអ្នករត់ម៉ូតូឌុប និងអ្នកកាសែតនាំគ្នាព្រួតវាយ​រហូតបែកក្បាលសន្លប់ដេកដួល នៅជាប់របាំងថ្មពុះចែកផ្លូវ ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំនុចមុខហាងខារ៉ាអូខេញ៉ូស្តា ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះ ឡេង ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីមិត្តភក្ដិរបស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំសង្សារ​ចូលទៅច្រៀងខារ៉ាអូខេខាងលើ លុះក្រោយមកពួកគេបានចេញមកវិញហើយ មិនដឹងជនរងគ្រោះនិយាយជាមួយសង្សារយ៉ាងម៉េចខ្លះទេ ធ្វើឲ្យអ្នកទាំងពីរបានឈ្លោះប្រកែកគ្នារហូតដល់ខាងស្រីមិនព្រមឡើងជិះរថយន្តសោះ ទើបធ្វើអោយអ្នកទាំងពីរប្រទាញប្រទង់គ្នា ទៅវិញទៅមកធ្វើឲ្យ​ក្រុមម៉ូតូឌុប និងអ្នក​កាសែត​ដែលនៅក្បែរនោះឃើញ ស្មានតែវាយគ្នា​ក៏បានចូលទៅឈឺឆ្អាលជួយឃាត់ ក៏ត្រូវ​ជនរងគ្រោះរៀងស្រវឹងផងនោះ​ បានដៀល និងគំរាមអ្នកកាសែតថា ថតរញ៉េរញ៉ៃប្រយ័ត្នរូបគាត់យកកាំភ្លើង​បាញ់ ។

​ក្រោយពីនិយាយគំរាមហើយ ជនរងគ្រោះបានរត់ទៅតាមសង្សារដែលដើរឆ្លងផ្លូវចេញទៅ ស្រាប់តែផ្ទុះជម្លោះជាមួយក្រុមអ្នករត់ម៉ូតូឌុប និងអ្នកកាសែតម្តងទៀត រហូតក្រុម​អ្នករត់ម៉ូតូ
ឌុប និងអ្នកកាសែតប្រមាណជា ៥ទៅ៦នាក់ បានព្រួតគ្នាវ៉ៃជនរងគ្រោះរហូតបែកក្បាលសន្លប់នៅនិងកន្លែងតែម្ដង ចំណែកក្រុមជនបង្កបាននាំគ្នាចេញទៅបាត់អស់ ។

ក្រោយ​កើតហេតុ នារីជាសង្សាររបស់ជនរងគ្រោះបានចេញទៅបាត់មិនបានដឹងថាមានគេ វ៉ៃសង្សាររបស់ខ្លួនរហូតបែកក្បាលសន្លប់ដេកដួលនៅជាប់របាំងថ្មពុះចែកផ្លូវនោះទេ ។ ជន រង​គ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក​ រស្មី ដឹកយកទៅព្យាបាល ៕ សហការី kbn-live.com