ប្រទេសថៃ៖ កាលពីពេល ថ្មីៗកន្លងទៅនេះ មានហេតុការណ៍ដ៏អស្ចារ្យមួយ ដោយក្រុមជួយសង្គ្រោះ បានជួយបុរសម្នាក់ អាយុ៤២ឆ្នាំ បានជាប់នៅក្នុងរថយន្ត១បាំងកន្លះ ដែលធ្លាក់ពីជំរៀលភ្នំ កំពស់ជាង១០០ម៉ែត្រ ក្នុងស្ថានភាពទ្រុឌទ្រោមជាខ្លាំង ។

ជនរងគ្រោះ បានរៀបរាប់ថា ខ្លួនបានបើកឡាន ឆ្លងកាត់ជំរៀលភ្នំនេះ ជាញឹកញាប់ តែម្តងនេះមិនដឹងកើតអ្វី ស្រាប់តែឡានបែកកង់ ធ្វើឲ្យរអិលធ្លាក់ ពេញមួយទំហឹងតែម្តង ធ្វើអោយរាងកាយរបស់គាត់ ជាប់នៅក្នុងឡាន មិនអាចដកចេញរួចភ្លាមៗនោះទេ។

គាត់បានបន្តទៀតថា បន្ទាប់ពីធ្លាក់ដល់ដី ហើយរើខ្លួនពុំរួច គាត់បានប្រឹងស្រែកហៅគេ ឲ្យជួយដែរ តែដោយជំរៀលភ្នំនោះខ្ពស់ពេក ពុំមាននរណាម្នាក់ បានឮសម្លេងរបស់គាត់ ស្រែកហៅនោះឡើយ ។ ក្នុងពេលនោះ គាត់បានអស់សង្ឃឹមជាខ្លាំង ម្យ៉ាងទៀតកម្លាំងរបស់គាត់ ហាក់ដូចជាអស់រលីង ពីក្នុងខ្លួនតែម្តង ធ្វើឲ្យគាត់គិតថា គាត់ប្រហែលជាត្រូវស្លាប់នៅទីនេះហើយ ។

គាត់បន្តថា ក្នុងពេលដែលគាត់ មានកម្លាំងតិចៗឡើងវិញ គាត់បានរើខ្លួនចេញរួច ហើយបានយកទឹក នៅក្នុងដើមចេកព្រៃ ផឹកដើម្បីរស់មួយគ្រាសិន ។ តែដោយសារគុណបុណ្យជួយ ក៏មានមនុស្សដើរកាត់ទីនោះ បានឃើញគាត់ និងបានហៅក្រុម ជួយសង្គ្រោះមកកាន់ទីកន្លែង កើតហេតុ ទើបគាត់បានរួចជីវិត ដូចរស់ឡើងវិញ ៕

ប្រភព៖ ThaiPBS
ដោយសហការី KBN-live.com