ខេត្តរតនគិរី ៖ ទំនៀម​ទំលាប់​ប្រពៃណី ជនជាតិដើម​ភាគតិច (ទំ​ពូន) នៅតែ​គោរព ​កេរ្តិ៍ដំណែល​ដូនតា រហូតដល់​បច្ចុប្បន្ន។ ជាក់ស្តែង​កាលពីខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវជាតិ​លេខ៧៨ ក្បែរ​ជើងភ្នំ​យក្ស​ឡោម ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មានកម្ម​វិធី​មួយ ដោយមាន​ជនជាតិដើម​ភាគតិច​ទំពួន ប្រមាណ២០-៣០នាក់ មកជួប​ជុំគ្នា កាប់​ក្របី១ក្បាល សែន​អ្នកជំងឺ ដោយ​ចោទថា ខ្មោច​ជនជាតិ​គ្រឹ​ង ដែលចង.ក​នៅទីនេះ អស់​រយៈពេល​ជាង២០ឆ្នាំ​ មកហើយ​នោះ បានធ្វើអោយ​កូនប្រសារ និង​តាម​ផ្តន្ទា​កូនប្រសារ​ប្រុសរបស់គាត់ ​ឆ្កួត និង​ឈឺ​រាំ​រ៉ៃ។

ទាក់ទិន​នឹង​ករណី​ខាងលើ ត្រូវបាន​ស្ត្រី​ម្នាក់ ​មានឈ្មោះ ថោង យ៉ាង អាយុ៤៩ឆ្នាំ ជនជាតិ​ទំពួន ដែលមាន​ ប្តី​ឈ្មោះ​ទីន ខាំ​បី អាយុ៦០ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡូ​ន ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ស្ត្រី​រូបនោះ​ បាន​អះអាងថា មូលហេតុ​ដែល​គាត់ ​ធ្វើដំណើរពី​ស្រុក​បរ​កែវ មក​កាប់​ក្របី១ក្បាល​សែន ​នៅ​ចំណុច​ខាងលើ ​គឺមកពី​ក្រុមគ្រួសាររបស់គាត់ ព្រមទាំង​អ្នកភូមិ បាន​ទៅរក​គ្រូទាយ របស់​ជនជាតិ​ទំពួន បាន​មើលឃើញថា​ កូនប្រសារ​របស់គាត់ មានឈ្មោះ​ថោង វណ្ណា អាយុ១៩ឆ្នាំ ដែល​យក​កូនស្រី​គាត់​បង្កើត ​ឈ្មោះ ថោង ទាម អាយុ១៨ឆ្នាំ បាន​រៀបការ អស់​រយៈពេល៦ខែ​ហើយ។

អ្នកស្រី​បាន​បន្តទៀតថា គ្រូ​បាន​ទាយ​ថា កូនប្រសារ​របស់គាត់ ត្រូវបាន​ខ្មោច​ស្ត្រី​ម្នាក់​ចង.ក នៅ​ចំណុច​សែននេះ បាន​ទៅ​ធ្វើអោយ​កូនប្រសារ របស់គាត់​ឆ្កួត តាំងពី ​អាយុ១៣ឆ្នាំ រហូតមក ដល់​បច្ចុប្បន្ន ពេលនេះ​គាត់​ជា​ម្តាយក្មេក និង​អ្នកភូមិ​ បាននាំគ្នា​ធ្វើតាម​ប្រពៃណី ​ជនជាតិ​ទំពួន កាប់​ក្របី​ឈ្មោល​មួយ​ក្បាល ដែល​ទិញ​គេក្នុងតម្លៃ១លាន៦០ម៉ឺនរៀល ដើម្បី​បង្គ្រប់​កិច្ច​អោយ​កូន ប្រសារ​គាត់​បានជាសះស្បើយ ហើយលោកស្រី​បាន​បន្តទៀតថា ការ​សែន​ព្រេងនេះ​ ជា​លើក​ទី២ហើយ លើក​ទី១អស់​ជ្រូក២ក្បាល។

បច្ចុប្បន្ននេះ គាត់​ជា​គ្រួសារ​ក្រីក្រ​មួយ ប្រកបមុខរបរ​ស៊ីឈ្នួល ដក​ដំឡូង​មី អោយ​អ្នកភូមិ​ក្នុង១ហិកតា ១៥ម៉ឺន​រៀល គាត់​បាន​ត្អូញត្អែ​រ​ទៀតថា លុយ​ដែល​គាត់យកមក​ទិញ ក្របី​សែន​ពេលនេះ បាន​ទៅ​ខ្ចីលុយពី AMK ខេត្តរតនគិរី ចំនួន២លាន​រៀល ធ្វើអោយ​គ្រួសារ​របស់គាត់ កាន់តែមានជីវភាព​ ធ្លាក់​ដុនដាប​យ៉ាងខ្លាំង។

ដោយឡែក លោក​មេក​ន្ទ្រាញ​ខ្មែរ ហៅថា​អាចារ្យ ដែលមាន​ឈ្មោះ ទើ​ល ម៉ែ​ល អាយុ៦៨ឆ្នាំ ជនជាតិ​ទំពួន​ រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បានអោយដឹងថា កម្មវិធី​នេះ ជា​អ​បីយ​ជំនឿ​ របស់​បងប្អូន​ជនជាតិដើម ​ភាគតិច​ទំពួន តាំងពី​យូរលង់ណាស់​មកហើយ នៅពេល​សែន ​គេ​ហាម​មិនអោយ​អ្នកជំងឺ មក​ជិត​កន្លែង​សែន​នោះទេ និង​ហាម​បងប្អូន​ខ្មែរ ដែល​មិនមែនជា​ជនជាតិ​ទំពួន មក​សួរសុខទុក្ខ ​អ្នកជំងឺ​នោះឡើយ គាត់​បាន​បន្តទៀតថា អ្នកជំងឺ​ឈឺមាន​ដូចជា ៖

ទី១ ឆ្កួត​រត់​ចេញពីផ្ទះ ២-៣ថ្ងៃ ឬមួយ​ប្រកាច់​ជា​ញឹកញាប់ ទី២ ជំងឺ​ដេក​មិន​ឡើង​ពី​កន្ទេល៣-៤ថ្ងៃ ហើយ​អ្នកជំងឺ​នេះ​ តាំងពី​អាយុ១៣ឆ្នាំ ​រហូតមកដល់​បច្ចុប្បន្ន ហើយ​បងប្អូន​ជនជាតិ​ នាំគ្នា​ផឹកស្រា​ពាង។ ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​អ​បិ​យ​ជំនឿ​ របស់​បងប្អូន​ជនជាតិដើម ​ភាគតិច​ប៉ុណ្ណោះ ដែល​នូវ​រាល់ពេល ដែលមាន​អ្នកណាម្នាក់​ឈឺ​ថ្កាត់ ពួកគាត់​តែងតែ ​ធ្វើ​កិច្ច​សែនព្រេន​នេះ ដែល​ពួកគាត់​ជឿថា ការសម្លាប់​សត្វ​ក្របី និង ផឹកស្រា​ពាង ដើម្បី​សែន​នេះ បានធ្វើអោយ​អ្នក​ឈឺ​នៅក្នុង​ផ្ទះ ឬ​ក្នុង​ភូមិ បាន​ជាសះស្បើយ ពី​រោគាពាធ៕