ប្រទេសថៃ៖ ហេតុការណ៍ឃាតកម្ម លើបុរសភេទទី៣ម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត មិនចាញ់តារាប៉ុន្មានឡើយ បានធ្វើអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃាតករ បានចាក់ជនរងគ្រោះជាភេទទី៣ ចំនួន៣កាំបិត ស្លាប់ភ្លាមៗ ហើយបានទុក សាកសពចោលក្នុងបន្ទប់ រហូតដល់៥ថ្ងៃ ដោយគ្មានអ្នកដឹង ។

ប៉ូលិស និងស្នងការខេត្តឈៀងម៉ៃ បានបើកការ ស៊ើបអង្កេតភ្លាមៗ ហើយបានចុះចាប់ឃាតកឈ្មោះ ថេវីនន់ បារ៉ុងថៃ អាយុ៣៣ឆ្នាំ នៅខេត្តឈៀងម៉ៃ និងបាននាំខ្លួនជនជាប់ចោទ ក្នុងបទសម្លាប់មនុស្ស ដោយចេតនា ។

 ជនរងគ្រោះជាភេទទី៣ ដែលត្រូវឃាតកសម្លាប់

ប៉ូលិសខេត្តឈៀងម៉ៃ បានអោយដឹងថា មានសេចក្តីរាយការណ៍ថា មានអំពើឃាតកម្មលើ បុរសភេទទី៣ម្នាក់ ឈ្មោះ ប្រិសយ៉ា ចៃចាយ អាយុ២៤ឆ្នាំ រស់នៅស្រុកសាន់កំផែង ខេត្តឈៀងម៉ៃ ។ សពជនរងគ្រោះ ជាបុរសភេទទី៣ មានសម្រស់ស្រស់ស្អាត ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់ គ្មានលេខមួយ ស្ថិតនៅក្រុមទី៦ ឃុំមេមាយងិន ស្រុកដយសៈកេត ខេត្តឈៀងម៉ៃ ។

ជាបឋមនៃការត្រួតពិនិត្យ កន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញ សាកសពឈ្មោះ ប្រិសយ៉ា ត្រូវបានគេចាក់២កាំបិត ចំកណ្តាលដើមទ្រូង និង១កាំបិតទៀត ចំគល់ក ហើយជនល្មើស បានយកស្បៃមកគ្រប់ពីលើសាកសព ដើម្បីបិទបាំងភ្នែកអ្នកដទៃ ហើយសាកសពត្រូវបានទុកចោល រយៈពេល៥ថ្ងៃ ដោយគ្មានអ្នកដឹង។

ញាតិមិត្តរបស់ជនរងគ្រោះ សំរុកចូលទៅវាយឃាតក ដោយទប់កំហឹងមិនបាន

ក្រោយពីការសាកសួរ ជនជាប់ចោទបានសារភាពថា ខ្លួនបានសេពគប់ជាមួយជនរងគ្រោះ ក្នុងនាមជាសង្សារ អស់រយៈពេល៥ខែមកហើយ ។ បានជាខ្លួនសម្រេចចិត្ត សម្លាប់ជនរងគ្រោះ ឈ្មោះ ប្រិសយ៉ា ដោយសារមូលហេតុ ការប្រចណ្ឌ និងឈ្លោះប្រកែកគ្នា រឿងខ្លួនយកកាត អេធីអឹមរបស់ជនរងគ្រោះ ទៅដកយកលុយចាយ នៅឯផ្សារ ។

ជនល្មើសបានរៀបរាប់បន្តថា នៅយប់កើតហេតុ ខ្លួននិងជនរងគ្រោះ បានគេងនៅផ្ទះកើតហេតុជាមួយគ្នា ហើយបានឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះ បានយកកាំបិតចិតផ្លែឈើ បំរុងចាក់មកលើខ្លួន ពេលនោះក៏មានការប្រតាយប្រតប់គ្នា ហើយខ្លួនក៏បានដណ្តើមកាំបិត ពីជនរងគ្រោះ រួចក៏បានចាក់ទៅលើជនរងគ្រោះ ចំនួន៣កាំបិត រហូតដល់ជនរងគ្រោះ ជាភេទទី៣ លត់ជង្គង់ដួលនៅលើពូក រហូតដល់ស្លាប់។ ដោយភ័យពេក ខ្លួនក៏បានរត់ចេញ ពីកន្លែងកើតហេតុបាត់ទៅ ។

ក្រោយពីសាកសួរចប់ ប៉ូលិសក៏នាំខ្លួនជនរងគ្រោះ ទៅធ្វើត្រាប់ឡើងវិញ នៅកន្លែងកើតហេតុ ដោយមានប្រជាពលរដ្ឋជាច្រើន បានឈរមើលសកម្មភាព របស់ជនជាប់ចោទ ហើយបាននាំគ្នាលោតទៅវាយ ជនជាប់ចោទ ម្នាក់មួយដៃ ម្នាក់មួយជើង បំណងអោយស្លាប់ទៅតាមជនរងគ្រោះតែម្តង ។

ប៉ូលិសបាននិយាយថា បើកុំតែប៉ូលិសឃាត់ កុំអីញាតិមិត្តរបស់ជនរងគ្រោះ វាយជនជាប់ចោទទ្រមខ្លួនបាត់ទៅហើយ ។ ចំណែកម្តាយជនរងគ្រោះ បានចូលក្នុងបន្ទប់ ដើម្បីអោយជនរងគ្រោះសំពះសុំទោស តែដោយសារតែគាត់ទ្រាំមិនបាន ក៏លោតទៅដាល់ជនរងគ្រោះ ជាច្រើនដៃ ទៅតាមកំហឹងរបស់គាត់ ។

ឃាតករលុតជង្គង់ មុខម្តាយជនរងគ្រោះ ដើម្បីសុំខមាទោស

ម្តាយជនរងគ្រោះ បានប្រាប់ថា ឃាតករបានមករស់នៅ ជាមួយកូនស្រីរបស់គាត់ បីបួនថ្ងៃមកហើយ ហើយគាត់ក៏បានធ្វើម្ហូប បាយទឹកអោយញ៉ាំផងដែរ ដោយគិតថា គេទាំង២នាក់ស្រលាញ់គ្នា ហើយគាត់ក៏មិនប្រកែកដែរ ។ គាត់បន្តថា កូនស្រីរបស់គាត់ កំពុងតែទទួលបានពានរង្វាន់ ជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន ដែលនាងកំពុងធ្វើការផងដែរ ។ តាមកំហឹងរបស់គាត់ គាត់ចង់សម្លាប់ឃាតក អោយស្លាប់តាមកូនស្រីរបស់គាត់ផងដែរ ៕

ម្តាយជនរងគ្រោះ យាដៃដាល់មុខឃាតក ដែលសម្លាប់កូនគាត់

ប្រភព៖ សារព័ត៌មាន ខោវស៊ុត
ដោយ៖ សហការី KBN-live.com