នៅ​តំបន់​ស្វយ័ត​ ខេត្ត ​Guangxi Zhuang ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ក្នុង​ទី​ប្រជុំ​ជន​ Yulin បាន​ប្រារព្ធ​ពិធីបុណ្យ​ចម្លែក​មួយ ​គឺ​បុណ្យ​ហូប​សាច់​ឆ្កែ​និង​ឆ្មា​ ហើយ​ក្នុង​រយៈ​ពេល ​ពីរ​ទៅ​បី​ថ្ងៃ​អំឡុង​បុណ្យ​នេះ ​មាន​សត្វ​ឆ្កែ ​និង​ឆ្មា​ ដល់​ជាង​១​ម៉ឺន​ក្បាល ​ត្រូវ​បាន​សម្លាប់​កោស​រោម ​ព្យួរ​លក់​ពេញ​ទី​ក្រុង។

ក្រុម​អង្គការ​សិទ្ធ​មនុស្ស​ និង​ស្រឡាញ់​សត្វ​ពិភពលោក​ បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​​ បាន​សួរ​ទៅ​អាជ្ញាធរ​ហេតុ​អី​បាន​ជា​ មាន​ការ​សម្លាប់​សត្វ​ឆ្កែ​ និង​ឆ្មា​ច្រើន​ម្ល៉េះ​ ហើយ​ក្រុម​អាជ្ញាធរ​បាន​ឆ្លើយ​ថា​ នេះ​ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​ ហូប​សាច់​ឆ្កែ​ និង​ឆ្មា​ ប្រចាំ​ឆ្នាំ​នៅ​ក្នុង​តំបន់​ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ ក្នុង​ខែ​មិថុនា​ រៀងរាល់​ឆ្នាំ។

តាម​របាយ​ការណ៍​ថ្មី​មួយ ​បាន​រក​ឃើញ​ថា​ ការ​ជួញដូរ​ លក់​ទិញ​ដ៏​ព្រៃផ្សៃ​នេះ ​បាន​កើត​ឡើង​នៅ​ទី​ក្រុង ​Yulin​ ស្ទើរ​តែ​រាល់​ឆ្នាំ​​ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​សត្វ​ឆ្កែ​ និង​ឆ្មា​៣០០​ក្បាល​ ត្រូវ​បាន​សម្លាប់​ព្រម​ទាំង​មាន​ភស្តុតាង​ អំពី​ការ​លួច​សត្វ​ចិញ្ចឹម​ទៀត​ផង។

ពេល​អង្គការ សិទ្ធ​មនុស្ស​អន្តរជាតិ​ ផ្នែក​ការពារ​ជីវិត​សត្វ​ចិញ្ចឹម​ បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ Yulin ចំ​បុណ្យ​ខួប​ហូប​សាច់​ឆ្កែ​ ពួក​គេ​បាន​ឃើញ​ទិដ្ឋភាព​ ដ៏​ភ្ញាក់​ផ្អើល​នៃ​ការ​សម្លាប់​សត្វ​ដ៏​ឃោរឃៅ។ លោក​បណ្ឌិត​ Peter Li អ្នក​ជំនាញ​របស់​អង្គការ​ខាង​លើ​ បាន​ទៅ​ដល់​កន្លែង​ពិឃាត ​សត្វ​បាន​ដឹង​ពី​អ្នក​សម្លាប់​ថា​ យ៉ាង​ហោច​ណាស់ ​មាន​ឆ្កែ​និង​ឆ្មា​៣០០​ក្បាល ​ត្រូវ​បាន​សម្លាប់​រាល់​ថ្ងៃ។

បើ​តាម​ម្ចាស់​ហាង​ លក់​សាច់​ឆ្កែ​មួយ​បាន​ប្រាប់​ទៅ HSIថា​ អតិជន​អាច​រក​សាច់​ឆ្កែ​ បាន​ប្រាប់​ពេល​ពួក​គេ ​គ្រាន់​តែ​ខល​មក​កម៉្មង់ ​ហើយ​សាច់​ត្រូវ​បាន ​ដឹក​ទៅ​ដល់​កន្លែង​ភ្លាមៗ។ សាច់​សត្វ​ទាំង​នេះ​ ត្រូវ​បាន​ដឹក​យក​មក​ពី​ក្រៅ​តំបន់​ ហើយ​រាល់​ថ្ងៃ​ ​យ៉ាង​ហោច​ណាស់ ​ក៏​មាន​ឡាន​កុង​ទីន័រ​ដឹក​ឆ្កែ​មួយ​គ្រឿង ​ចូល​មក​ក្នុង​ទី​ក្រុង​ដែរ។

តាម​ការ​ប៉ាន់​ប្រមាណ ​មាន​ឆ្កែ​ចាប់​ពី​១០​ទៅ​២០​លាន​ក្បាល ​ត្រូវ​បាន​សម្លាប់​ដើម្បី​បម្រើ ​សេច​ក្ដី​ត្រូវ​ការ​របស់​មនុស្ស​ ក្នុង​ប្រទេស​ចិន​រៀងរាល់​ឆ្នាំ​។

​វា​ជា​អំពើ​ឃោរឃៅ​ខុស​ច្បាប់​ មាន​ទោស​ដល់​ថ្នាក់​ព្រហ្មទណ្ឌ​ និង​មាន​គ្រោះ​ថ្នាក់​ ដល់​សុខភាព​មនុស្ស​។ អង្គការ​សុខភាព​ពិភពលោក ​បាន​បញ្ជាក់​ថា​ ការ​ហូប​សាច់​ឆ្កែ​ដ៏​ច្រើន​នេះ ​ធ្វើ​ឲ្យ​មានករណី​កើន​ឡើង​ច្រើន ​នៃ​ការ​កើត​ជំងឺ​ឆ្កែ​ឆ្កួត ​និង​អាសន្នរោគ ។