កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ប្រទេស​អាល្លឺម៉ង់​ បាន​ដាក់​បង្ហាញ​នូវ​រថភ្លើង​ ដឹក​អ្នក​ដំណើរ​ដ៏​ទំនើប​មួយ​ប្រភេទ​ ដំណើរ​ការ​ដោយ​ថាមពល​ទឹក ​ហើយ​ក៏​ជា​រថភ្លើង​ ដែល​គ្មាន​សារធាតុ​ផ្សែង​ពុល​ បំផ្លាញ​ដល់​បរិយាកាស​ដំបូង​គេ ​ក្នុង​លោក​ផង​ដែរ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ​ Telegraph​។

Coradia​ iLint​ គឺ​ជា​ប្រភេទ​រថភ្លើង​ ដែល​ប្រើប្រាស់​ថាមពល​ទឹក​ ដំបូង​គេ​បង្អស់ ​ក្នុង​ពិភព​លោក​ ដែល​បាន​សហការ​បង្កើត​ឡើង ​ដោយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​បារាំង​ Alstom​ ហើយ​វា​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ លើក​ដំបូង​នៅ​ស្ថានីយ​រថភ្លើង​ Inno​Trans​ ក្នុង​ទីក្រុង​ប៊ែរឡាំង ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ កន្លង​ទៅ​ និង​គ្រោង​បញ្ចេញ ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ហើយ​ ដោយ​ភ្ជាប់​ផ្លូវ​ ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​រដ្ឋ​ Lower​ Saxony​ រួម​មាន​ទី​ក្រុង​ Buxtehude​, Bremervörde​, Bremerhaven​,និង​ Cuxhaven​ ជា​ដើម​។

ជាមួយ​គ្នា​នេះ​ដែរ​ រថភ្លើង​ដ៏​ទំនើប​នេះ​ អាច​ដំណើរ​ការ​ទៅ​បាន ​ដោយ​សារ​វា​មាន​ធុង​សាំង​អ៊ីដ្រូហ្សែន ​នៅ​ពី​លើ​ដំបូល ​សម្រាប់​ធ្វើ​ការ​បម្រែបម្រួល​ថាមពល ​អគ្គិសនី​ដើម្បី​ឲ្យ​វា​ដំណើរ​ការ​ទៅ​មុខ​ ក្នុង​នោះ​ រថភ្លើង​នេះ​មាន​សមត្ថភាព​រត់​បាន​ប្រមាណ​៧៩៩​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ហើយ​អាច​បើក​ក្នុង​ល្បឿន​ខ្ពស់​បំផុត​១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ដែរ​ថា​ រថភ្លើង​ Coradia​ iLint​ មិន​បាន​បញ្ជាក់​ពី​ចំនួន​ផលិត​ និង​តម្លៃ​ច្បាស់​លាស់​នោះ​ទេ​៕

ប្រភព៖ ​ Telegraph
ផ្តល់សិទ្ធិដោយ៖ kqube.net