ភ្នំពេញ ៖ បុរសម្នាក់ វាយ​អ្នករត់ម៉ូតូឌុប ប្លន់យកម៉ូតូ មិនបានសម្រេច ត្រូវបានអ្នករត់ម៉ូតូឌុប តដៃវិញ​ ប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង​ ៩នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ​ស្ថិតនៅទល់មុខ ក្រសួងកិច្ចការនារី តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះមាន ឈ្មោះ មាស ប្រុញ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានឌុបជនសង្ស័យ ចេញពីម្ដុំផ្សារហេងលី គោលបំណង ទៅម្ដុំបុរីសន្ដិភាព២ ក្នុង​សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់ចំណុច កើតហេតុខាងលើ ជនសង្ស័យឃើញស្ថានភាពស្ងាត់ អំណោយផលល្អ បានអោយម្ចាស់ម៉ូតូឌុប ឈប់ដើម្បីចុះនោម ពេលដែលនោមរួច ក៏ត្រឡប់មកវិញ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាព វាយប្លន់ម្ចាស់ម៉ូតូតែម្ដង តែត្រូវបានម្ចាស់ម៉ូតូ វាយប្រតាយប្រតប់ ដណ្តើមម៉ូតូវិញ ភ្លាមនោះៗ ​ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ បានឃើញ​នាំគ្នាពទ្ធ័ចាប់ វាយជនសង្ស័យឡើងទ្រមខ្លួន ទើបប្រគល់អោយ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល ស្ទឹងមានជ័យ ចាត់ការបន្ដ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ​មានឈ្មោះ សន សុវណ្ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌមានជ័យដើម្បី
កសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

សហការី KBN