រំឭក​ឡើង​វិញ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក John Kerry មក​កាន់​ប្រទេស​ហ្វីលីពីន ក្រោយ​ពេល​លោក Rodrigo Duterte ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​ថ្មីៗ លោក Duterte បាន​លើក​យក​ការ​ហៅ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ថា “Gay son of a bitch” នៅ​ចំពោះ​មុខ​លោក Kerry ដោយ​វា​បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​ប្រតិកម្ម​ជា​ខ្លាំង ។

“ខ្ញុំ​នៅ​ជាមួយ​លោក Delfin Lorenzana រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ហើយ​ពួក​យើង​បាន​និយាយ​គ្នា​ជាមួយ​លោក Kerry ពេល​នោះ​លោក​ក៏​គ្មាន​ប្រតិកម្ម​អ្វី​ដែរ ពេល​ដឹង​ថា​ ខ្ញុំ​មាន​ជម្លោះ​ជាមួយ​នឹង​ឯក​អគ្គរដ្ឋទូត​របស់​គាត់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ឯក​អគ្គរដ្ឋទូត​របស់​លោក​គឺ “Gay son of a bitch” ។ ឯក​អគ្គរដ្ឋទូត​គាត់​បាន​រំខាន​ខ្ញុំ ពេល​ខ្ញុំ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ព្រោះ​គេ​តែង​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​នេះ​ពី​នោះ ទាំង​ដែល​គេ​មិន​ត្រូវ​ធ្វើ​អញ្ចឹង​សោះ” នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី ។

ឯក​អគ្គរដ្ឋទូត​ដែល​លោក Duterte សំដៅ​នោះ គឺ​លោក ​Philip Goldberg ជា​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដោយ​ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក កោះ​ហៅ​រដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ទីក្រុង Washington ភ្លាមៗ ឲ្យ​ចូល​មក​ធ្វើ​ការ​បកស្រាយ​ចំពោះ​ករណី​នេះ ។

ជាមួយ​នឹង​ករណី​ដែល​លោក Duterte ប្រើ​សម្ដី​អាក្រក់​នេះ​ដែរ កាល​ពី​ឆ្នាំ​១៩៨៩ មាន​ករណី​រំលោភ​ និង​សម្លាប់​លើ​ស្ត្រី​អ្នក​ផ្សព្វផ្សាយ​សាសនា​អូស្ត្រាលី​ម្នាក់ ដោយ​កាល​នោះ​លោក Duterte បាន​ថ្លែង​ពាក្យ​មួយ​ឃ្លា​ថា “ខ្ញុំ​ពិត​ជា​ខឹង​ខ្លាំង​ណាស់ ដែល​នាង​ត្រូវ​គេ​រំលោភ វា​ជា​រឿង​មួយ ។ តែ​នាង​ពិត​ជា​ស្អាត​មែន ខ្ញុំ​គិត​ថា​ចៅហ្វាយ​ក្រុង​គួរ​តែ​ធ្វើ​វា​មុន​ទើប​ត្រូវ ។ ពិត​ជា​គួរ​ឲ្យ​ស្ដាយ​មែន។”

ជាមួយ​នឹង​ការ​ធ្វើ​អត្ថធិប្បាយ​ខាង​លើ​នេះ គណបក្ស​នយោបាយ​របស់​លោក​បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ តែ​លោក Duterte ផ្ទាល់​បាន​បដិសេធ​ធ្វើ​ការ​សុំទោស​នេះ ព្រោះ​លោក​ចាត់ទុក​វា​គ្រាន់​ជា​ពាក្យ​លេង​សើច​ប៉ុណ្ណោះ ទាំង​ដែល​អូស្ត្រាលី និង​អាមេរិក គឺ​ជា​សម្ព័ន្ធ​ដ៏​ជិត​ដិត​បំផុត​របស់​ហ្វីលីពីន ។

សូម​បញ្ជាក់​ថា Rodrigo Duterte ជា​អ្នក​នយោបាយ​មាត់​ឆៅ​ម្នាក់ ដែល​លោក​តែងតែ​ប្រើ​សម្ដៅ​អាក្រក់​ៗ ក្នុង​ដំណើរ​យុទ្ធនាការ​ដណ្ដើម​តំណែង​ប្រធានាធិបតី​ កាល​ពី​ពេល​កន្លង​ទៅ​នេះ ហើយ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក គឺ​ពោរពេញ​ដោយ​ការ​គំរាម និង​ការ​សន្យា​ជា​ច្រើន ជា​ពិសេស​គឺ​សន្យា​បំបាត់​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​តែ​ម្ដង ៕ (CNN)

Duterte-2Rodrigo-duterte

ផ្តល់សិទ្ធិដោយ៖ kqube.net