រាជធានី​ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​បង្ហាញ​របាយការណ៍ អនុវត្តន៍​ច្បាប់​ អន្តោ​ប្រវេសន៍​រយៈ​ពេល​៣​ឆ្នាំ ​បាន​បណ្ដេញ​ជនបរទេស​ខុស​ច្បាប់​ ចំនួន​ជាង​១​ម៉ឺន​៧​រយ​នាក់ តាំង​ពីរ​ឆ្នាំ​២០១៤​មក ក្នុង​នោះ​មាន​៦៨​សញ្ជាតិ​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​គោរព​តាម​អធិបតេយ្យ​ប្រទេស​។

នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នា​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៦។ ​
​របាយការណ៍​ការ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៤ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ ជនបរទេស ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ​ បាន​ចំនួន​ជាង​១៣០០​នាក់ ដែល​មាន​២៤​សញ្ជាតិ​ ឆ្នាំ​២០១៥ បាន​ជិត​៧០០០​នាក់ មាន​៤៩​សញ្ជាតិ និង​ឆ្នាំ​២០១៦​នេះ បាន​ចំនួន​២៥០០​នាក់​ មាន​៣៥​សញ្ជាតិ ដែល​ក្នុង​ចំណោម​នោះ គឺ​ជនជាតិ​វៀតណាម​ឈរ​លំដាប់​ខ្ពស់​ជាង​គេ រហូត​ទៅ​ដល់​ជាង​៩០០០​នាក់។

ចំណែក​ជនជាតិ​វៀតណាម ​ដែល​លួច​ចូល​តាម​ច្រក​របៀង ​ព្រំដែន​កម្ពុជា-វៀតណាម ភាគ​ច្រើន​មក​ធ្វើ​ជា ​កម្មករ​សំណង់ ជាង​ឈើ​ចម្លាក់​តុ ទូ អ្នក​ប៉ូ​លា​ម៉ូតូ ឡាន អ្នក​ម៉ាស្សា អ្នក​លក់​ដូរ​ផ្សេងៗ​ទៀត។

ដោយឡែក​ជនជាតិ​ដទៃ​ទៀត បាន​មក​សម្ងំ​លាក់​ខ្លួន​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​រូបភាព​ ធ្វើ​ជា​គ្រូ​​គង្វាល​សាសនា គ្រូ​ភាសា​បរទេស គ្រូ​បង្ហាត់​បាល់​ទាត់ និង​ខ្លះ​ទៀត​បាន​យក​ទឹក​ដី​កម្ពុជា ​ធ្វើ​ជា​ទីតាំង​ចាប់​ជំរិត​មនុស្ស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ពិសេស​ជនជាតិ​ចិន កូរ៉េ​ និង​ជន​បរទេស​ខ្លះ​ទៀត បាន​ប្រើប្រាស់​កម្ពុជា​ដើម្បី​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ជាដើម។

ជា​មួយ​គ្នា​នេះ​ដែរ ជនបរទេស​មក​ពី​ចម្ងាយ​ទាំង​អស់ បាន​ចូល​មក​កម្ពុជា​តាម ច្រក​ព្រំដែន​គោក​ និង​អាកាស ដោយ​ខ្លះ​បាន​រស់​នៅ​ដោយ​ហួស​ទិដ្ឋាការ​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

chines people in khmer1chines people in khmer

ផ្តល់សិទ្ធិដោយ៖ kqube.net