(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន បានថ្លែងចាត់ទុកការផ្តល់ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ីថា ជារង្វាន់ដ៏វិសេសវិសាលមួយសម្រាប់ថ្ងៃ ខួបកំណើតរបស់សម្តេចតេជោ និងចាត់ទុកជាការទះកំភ្លៀងសម្រាប់អង្គការអន្តរជាតិ និង អ្នកនយោបាយបក្សប្រឆាំង ដែលព្យាយាមទាញទម្លាក់ប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងឃាតកម្មរបស់លោក កែម ឡី។

លោកទេសរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ពិតជាស្មានមិនដល់ដែលយុត្តិធម៌ត្រូវបានផ្តល់ជូនសម្តេចតេជោ អាចនិយាយបានថា ជាកាដូ សម្រាប់ថ្ងៃខួបកំណើតសម្តេចតេជោ ដែលទទួលបានពានរង្វាន់សមិទ្ធិផលអាស៊ានមួយជីវិត។ នេះជាមោទនភាពជាតិខ្មែរហើយក៏ដូចជា ការទះកំភ្លៀងមួយដៃយ៉ាងខ្លាំងជាកាដូ ជូនអង្គការបរទេសខ្លះ និងអ្នកនយោបាយខ្មែរបរទេសនិយមផ្កាប់មុខដ៏ពិសពុលមួយចំនួនតូច ដែលលាក់បាំងប្រយោជន៍ផ្ទាល់ខ្លួនបន្លំជ្រកក្រោមផ្លាកស្នេហាជាតិ បំភៃ្លការពិត មូលបង្កាច់ គុំគួនប្រចាំជីវិត ជាបុគ្គលកំសាកមិនហ៊ាន ប្រឈមការពិត យកប្រទេសជាតិខ្លួន ជាចំណាប់ខ្មាំង»

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល ដែលមានអតីតកាលជាសហជីវិន នៃគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយមេបក្សប្រឆាំង នៅកម្ពុជា គឺលោក សម រង្ស៊ី ផងដែរនោះ បានឆ្លៀតលើកបង្ហាញពីសេណារីយោមួយចំនួនជុំវិញឃាតកម្មលើលោក កែម ឡី ដែលត្រូវឃាត កបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច ជាប់ស្តុបបូកគោ ខណ្ឌចំការមនផងដែរ។

លោក សេរី កុសល ដែលគេដឹងថា ជាមន្រ្តីនយោបាយជើងចាស់ និងជាមេទ័ពល្បាញល្បីមួយរូប របស់ហ៊្វុនស៊ិនប៉ិចបានចូលរួមប្រឡូក ក្នុងឆាកនយោបាយនៅកម្ពុជាតាំងពីសម័យសង្រ្គាមនោះ បានអះអាងថា ឃាតកម្មលើលោក កែម ឡី មានអ្នកនយោបាយកំពុងមាន រឿងម្នាក់ (បើទោះបីលោក សេរី កុសល មិនបញ្ជាក់ចំឈ្មោះ តែគេដឹងបានថា លោកសំដៅដល់មេបក្សប្រឆាំង) បានរៀបចំគ្រប់រូបភាព ដើម្បីមួលបង្កាច់ និងបំភ័ន្តមតិសាធារណៈធ្វើយាងណាផ្សារភ្ជាប់ឆាកឈុតលោក កែម ឡី ទៅនឹងសម្តេចតេជោឲ្យបាន។

លោក សេរី កុសល ថាល្បិចនេះ មិនអាចបោកពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបាននោះឡើយ។ លោកបន្តថា ពាក្យពេចន៍សម្តី និង ការតិះទានរបស់ លោក កែម ឡី គឺនៅស្រាលបំផុត បើធៀបនិងការតិះទានរបស់ប្រឆាំង ជាពិសេសគឺការប្រើពាក្យពេចន៍ជេរប្រមាទ និង អសុរសរាប់ឆ្នាំមកហើយ។

លោកទេសរដ្ឋមន្រ្តី បានអះអាងក្នុងសំណេរផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ថា លោក កែម ឡី ពុំមានទម្ងន់នយោបាយអ្វី មកលើគណបក្សប្រជាជនឡើយ ផ្ទុយទៅវិញការវិភាគរបស់គាត់ គឺសង្តត់ខ្លាំងលើអ្វីដែលបក្សប្រឆាំងធ្លាប់សន្យាធ្វើឲ្យបាន គឺរហូតដល់ ពេលនេះគ្មានបានអ្វីទាំងអស់ ព្រំដែន ពុករលួយ អន្តោប្រវេសន៍—។ «ដូច្នេះជាបណ្តើរៗគាត់ប្រមូលសមាជិកពីបក្សប្រឆាំងមកគាំទ្រគាត់ ហើយគាត់គឺជាអ្នកបង្កើតបក្សប្រជាធិបតេយ្យមូលដ្ឋានឯណោះទេ។ អ្នកណាជាអ្នកខាតពិតប្រាកដ? មិនមែន CPP ទេ សូមទោស»

លោក សេរី កុសល លើកឡើងទៀតថា អ្នកមកហែរសពលោក កែម ឡី ដ៏ច្រើននោះ ភាគច្រើនបំផុត មកពីសមាជិកបក្សសង្គ្រោះជាតិ មានន័យថា ពួកគេស្ងាត់ៗ គេមកគាំទ្របក្សលោក កែម ឡី អស់ហើយ ដែលលោកមិនមែនជាសមាជិកបក្សសង្គ្រោះជាតិផងនោះ ហើយការពិតលោក កែម ឡី ជាបន្លាក្នុងកែវភ្នែក នៃបក្សប្រឆាំងតែមួយគត់។ បក្សនេះអាចឈានទៅរកការបែកបាក់ដ៏ធ្ងន់ធ្ងរ និងអាចរលាយ បើមានវត្តមាន លោក កែម ឡី ។

លោកបន្តថា ការរៀបចំកាងសពលោក កែម ឡី ក៏គ្មានអ្វីចម្លែក វាដូចគ្នាទៅនឹងការកាងសពពួកហ៊្វុនស៊ិនប៉ិចពីអតីតកាលដែរ គឺបំណង តែមួយគត់ អបអរសាទរឱកាសបានស្តារប្រជាប្រិយ និងបានកៅអី ដោយសារខ្មោច ដែលទម្លាប់មេពួកគេគឺរកស៊ីកាក់កបតែជាមួយ ខ្មោចប៉ុណ្ណោះ។

លោក សេរី កុសល ដែលមានអតីតភាពជាមេទ័ព និងមានពិសោធន៍លើជំនាញកលយុទ្ធនោះ បានលើបង្ហាញនូវហេតុផល និងសេណារីយ៉ូមួយចំនួនជុំវិញឃាតកម្មលើលោក កែម ឡី។ សេណារីយោ ដែលលោកទេសរដ្ឋមន្រ្តី សេរី កុសល បានលើកឡើង នោះរួមមាន៖

១. ជំហរដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងបក្សប្រជាជនកម្ពុជាលើសមុទ្រចិនខាងត្បូង គឺពិតជាធ្វើឲ្យមហាអំណាចមួយនិងហ្វីលីពីន ខឹងសម្បាខ្លាំងណាស់

២. បន្ទាប់មកហ្លូប៊លវីណែស ដែលបាត់មុខរាប់ឆ្នាំ ក៏លេចមុខវាយប្រហារធ្ងន់ៗលើសម្តេចតេជោ និងក្រុមគ្រួសារ

៣. ទន្ទឹមនោះតំណាងរាស្ត្រ និងមន្ត្រីបក្សប្រឆាំងទៅជួបប្រជុំជាមួយមេគេនៅហ្វីលីពីន ហើយត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់នៃបក្សនេះ គំរាមជាចំហដូចជាបើគ្មានការជួបចរចាគ្នារវាងបក្សទាំងពីទេនោះ ថ្ងៃមុខអាចមានបញ្ហាធ្ងន់ធ្ងរ—

៤. បន្ទាប់មកមានអ្នករៀបចំអញ្ជើញលោក កែម ឡី ទៅសម្ពាសន៍ក្នុងវិទ្យុអាស៊ីសេរីបកស្រាយរបាយការណ៍ហ្លូប៊លវីណែសនិងយក ហេតុផលនេះ សម្លាប់ លោក កែម ឡី ។ សេណារីយូនេះ រៀបចំបានល្អណាស់ អាចបំភ័ន្តមតិមហាជនមួយរយៈក្នុងការបាញ់ព្រួញ សំដៅសម្តេចតេជោ។ ការស្គាល់ចរិតខ្មែរមិនច្បាស់ធ្វើឲ្យបរាជ័យផែនការនេះ បើទោះបីជាគេខិតខំយកខែកក្កដា មកធ្វើជាខែពិសេស សម្រាប់ឧបាយកលនេះក៏ដោយ។

ល្បិចដ៏កម្សោយ ដែលអាចមានការលូកដៃពីបរទេសខ្លះបំណងបំផ្លាញសន្តិភាពដ៏កម្ររកបានរបស់យើង តម្រូវឲ្យខ្មែរគ្រប់រូបបង្កើនមន សិការស្នេហាជាតិ កុំឲ្យអ្នកនយោបាយពិសពុលបន្តបោកប្រាស់យើងបានទៀត។

សូមផ្តល់ការស្រឡាញ់ អាណិត ចូលចិត្ត និងយុត្តិធម៌ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍជាតិ ក៏ដូចជាលទ្ធិប្រជាធិបតយ្យ៕

ប្រភព ៖ freshnews