ទីក្រុងព្យុងយ៉ាង ធ្វើការចោទប្រកាន់ រដ្ឋាភិបាលទីក្រុង Washington ថា បានចល័តកងកម្លាំង នុយក្លេអ៊ែររបស់ខ្លួន មកក្បែរដែនដីកូរ៉េខាងជើង ដែលអាចអនុញ្ញាត ឲ្យសហរដ្ឋអាមេរិក ធ្វើការវាយប្រហារជាមុន តាមរយៈការបញ្ចេញយន្តហោះល្បឿនលឿន របស់កងកម្លាំងទ័ពអាកាស ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងវត្តមាននៃយន្តហោះ B-1B ដែលអាចហោះក្នុងរយៈកម្ពស់ទាប ទៅកាន់កោះ Guam ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំនេះ ។
ជាមួយនឹងការស្ដីបន្ទោស លើអាមេរិក ដោយចល័តសម្ភារៈ ធ្វើសង្គ្រាមនុយក្លេអ៊ែរនេះ ព្យុងយ៉ាងបានព្រមាន អាមេរិកថា បានធ្វើឲ្យស្ថានការណ៍នៃការប្រឈមមុខគ្នាក្នុងតំបន់ កាន់តែតានតឹងទៅៗ ហើយអាចផ្ទុះ ផ្ដើមឲ្យមានសង្គ្រាមនុយក្លេអ៊ែរ ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានព្រមាន ដល់គូបដិបក្ខដែរថា ព្យុងយ៉ាងអាចនឹងធ្វើការតបត យ៉ាងសាហាវទៅវិញ ដោយបង្កើតឲ្យមានអណ្ដាតភ្លើង ឯនាយសមុទ្រ “sea of flames” ។ សូមបញ្ជាក់ថា ចំនួនយន្តហោះ B-1B ដែលត្រូវបានបញ្ជូនទៅកាន់កោះ Guam នោះ មិនត្រូវបានគេបញ្ជាក់ឲ្យដឹងទេ តែវត្តមានរបស់ B-1B នេះ គឺធ្វើឡើងដើម្បីជំនួសយន្តហោះ B-52 ដែលមានបេសកកម្មនៅទីនោះ ។
B-1B ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលអាចបើកបានក្នុងល្បឿន ១៤៤៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយការបញ្ជូន ទៅនៃយន្តហោះប្រភេទនេះ ទៅកាន់កោះ Guam គឺធ្វើឡើងដោយមានកងទ័ពអាកាស ចំនួន៣០០នាក់ ទៅជាមួយផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ kqube.net