​សិល្បៈ ៖ អតីត​តារា​សម្ដែង​កញ្ញា​ សាវី ​សាទីវីត​ ហៅ ​វីតវីត​ បាន​បោះបង់​អាជីព​សម្ដែង​អស់​រយៈពេល​ដប់​ឆ្នាំ​មក​ហើយ ​ពោល​គឺ ​បន្ទាប់​ពី​នាង​បាន​ប្រឡូក​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០០៤ និង​សម្ដែង​ភាពយន្ត​បាន​មួយ​រឿង​ តែ​មិន​ទទួល​ជោគជ័យ ​កញ្ញា​ក៏​បាន​បោះបង់​អាជីព​នេះ​ងាក​មក​ហាត់រៀន​ជំនាញ​ពិធី​ការិនី​ម្ដង​វិញ​ គួបផ្សំ​នាង​ទេពកោសល្យ​ខាង​អត្ថាធិប្បាយ​ និង​មាន​សំឡេង​ពីរោះ​ ទើប​ល្បី​ឈ្មោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

​ការ​បោះបង់​អាជីព​ចាស់​នេះ ​វីតវីត​ ប្រាប់​ថា ​កាល​ណោះ​មកពី​ការងារ​សម្ដែង​ខ្សែ​ភាពយន្ត​មិន​សូវ​ជោគជ័យ ​ទើប​នាង​ងាក​មក​ហាត់រៀន​ធ្វើ​ជា​ពិធី​ការិនី ​ដោយ​មាន​ការណែនាំ​ប្រកប​ដោយ​ក្ដី​អាណិត​ស្រឡាញ់​ពី​រៀម​ច្បង​ យុគ ចិន្តា​ ផ្ទាល់ ទើប​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ជោគជ័យ​ ព្រោះ​សព្វ​ថ្ងៃនេះ​នាង​កំពុង​កាន់​ការងារ​ធ្វើ​ជា​ពិធី​ការិនី​បី​កម្មវិធី​នៅ​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១​ និង​មាន​ការងារ​ខាង​ក្រៅ​ជា​ច្រើន​ទៀត​។

​មក​ដល់​ឆ្នាំ​នេះ ​ខណៈ​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​កំពុង​តែ​មាន​ដង្ហើម​រស់​ឡើង​វិញ​កញ្ញា​ សាវី សាទីវីត​ ក៏​បាន​សម្រេច​ចិត្ត​វិល​រក​ឆ្នាំង​ចាស់​ដោយ​មាន​សម្ដី​បញ្ជាក់​ថា ​នៅ​ពេល​នេះ​នាង​បាន​វិល​មក​ចាប់​អាជីព​សម្ដែង​វិញ​ ហើយ​ជា​មួយ​គ្នា​នេះ​ដែរ​នាង​បាន​ធ្វើ​កុងត្រា​ថត​រឿង​ថ្មី​មួយ​​មាន​ចំណង​ជើង​ថា ​”យាយស្ទាវចៅស្ទើរ ” ​ឱ្យ​ផលិតកម្ម ​KSR ដោយ​ទទួល​បាន​តំណែង​ជា​តួឯក​ផង​ដែរ​។

​វីតវីត​ បន្ត​ថា ​មូល​ហេតុ​ដែល​នាង​វិល​មក​ចាប់​អាជីព​សម្ដែង​វិញ ​គឺ​មក​ពី​មួយ​រយៈ​នេះ​នាង​មើល​ឃើញ​ទីផ្សារ​ភាពយន្ត​កំពុង​ស្ទុះ​ឡើង​មាន​អ្នក​គាំទ្រ​ខ្លាំង​ គឺ​ខុស​ប្លែក​ពី​១០​ឆ្នាំ​មុន ​ដូច្នេះ​ហើយ​ការងារ​នេះ​នាង​ជឿជាក់​ថា​អាច​ជួយ​លើក​កេរ្តិ៍ឈ្មោះ​នាង​ឱ្យ​ហក់​ឡើង​មួយ​កម្រិត​ទៀត​។

​ក្រៅ​ពី​ការ​បញ្ជាក់​ខាង​លើ​នេះ​តារា​សម្ដែង​ និង​ពិធី​ការិនី​ សាវី សាទីវីត ​ក៏​បាន​ប្រាប់​បន្ថែម​ថា ​ឆ្នាំ​២០១៦នេះ​នាង​បាន​សម្រេចចិត្ត​វិល​មក​ទទួល​យក​ការងារ​សម្ដែង​ជា​ថ្មី​ ហើយ​មិន​ត្រឹម​តែ​ទទួល​រឿង​ខាង​លើ​មួយ​នេះ​ទេ ​ពោល​គឺ​បើ​ផលិតកម្ម​ផ្សេង​ទៀត​ផ្ដល់​ឱកាស​ឱ្យ​សម្ដែង​ នាង​នឹង​ទទួល​យក​ ទោះបី​ជា​ការងារ​ពិធី​ការិនី​មមាញឹក​យ៉ាង​ណា​ក៏​នាង​ត្រូវ​ចែក​ពេល ​ដើម្បី​ស្តា​កេរ្តិ៍ឈ្មោះ​អាជីព​ចាស់​មក​វិញ​ដែរ​៕

sa-2vitvitvitvitvitv-2vitsavvit

ផ្តល់សិទ្ធិដោយ៖ kqube.net