ជប៉ុន​បាន​ប្រទះ​ឃើញ​ថា ចិន​បាន​បំពាក់​រ៉ាដា​នៅ​លើ​អណ្ដូង​រ៉ែ​ឧស្ម័ន​ធម្មជាតិ​ឯ​នាយ​សមុទ្រ ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​កើត តំបន់​ដែល​កំពុង​ស្ថិត​ក្នុង​វិវាទ​ដ៏​ខ្លាំង រវាង​មហាយក្ស​ចិន និង​ជប៉ុន ដែល​ទីក្រុង​តូក្យូ​បារម្ភ​ថា ប៉េកាំង​អាច​នឹង​ប្រើ​រ៉ាដា​នោះ ដើម្បី​គាំទ្រ​ដល់​កម្លាំង​យោធា ក្នុង​គោលបំណង​គ្រប់គ្រង​តំបន់​ដែន​ទឹក​នោះ ដោយ​ជប៉ុន​បាន​ដាក់​ពាក្យ​ប្រឆាំង​នឹង​ទង្វើ​បែប​នេះ​ហើយ ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ជប៉ុន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លិខិត​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​ពន្យល់​ពី​គោលបំណង​នៃ​ការ​ដំឡើង​រ៉ាដា​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ភាគី​ចិន​កាល​ពី​២​ថ្ងៃ​មុន​ហើយ ខណៈ​ដែល​ការ​ប្រទះ​ឃើញ​រ៉ាដា​លើ​អណ្ដូង​រ៉ែ​ឧស្ម័ន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ចុង​ខែ​មិថុនា​មក​ម្ល៉េះ ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ជប៉ុន​បាន​ធ្វើ​ការ​តវ៉ា​មួយ​ទៅ​កាន់​ចិន​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​នាវា​ល្បាត​ដែន​សមុទ្រ ឲ្យ​ចូល​មក​តំបន់​ជម្លោះ​សមុទ្រ​ខាង​កើត​នេះ ជាមួយ​នឹង​ទូក​នេសាទ​២៣០​គ្រឿង​ទៀត មក​ក្បែរ​កោះ Senkaku តែ​ចិន​ហៅ​ថា Diaoyu ដោយ​ជប៉ុន​អះអាង​វា វា​រំលោភ​ដែន​អធិបតេយ្យភាព​របស់​គេ ៕ (rt)

ផ្តល់សិទ្ធិដោយ៖ kqube.net