ចែករំលែក

ពាក្យ​ស្លោក​មួយ​ឃ្លា​ថា ​”មន្ត​អាគមន៍​ផ្សំ​អាយុ​” ​តែ​ឭ​ចេញ​ពី​មាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ពួកគាត់​ក៏តែង​មាន​ជំនឿ​ខ្លាំង​ដែរ​លើ​អប្បិយ​ជំនឿ​មួយ​នេះ​​​ ជា​ពិសេស​នោះ​សម្រាប់​អ្នកដែល​​មាន​ជាន់​​​ឆ្នាំ​ឬ​ឆុង​ឆ្នាំ​ជាដើម​។ ជាក់​ស្តែង​ចំពោះ​អ្នក​ដែល​កើត​ឆ្នាំ​វក គឺត្រូវ​ជាន់​​ក្នុង​ឆ្នាំ​​ ហើយ​កើត​ក្នុងខែ​សីហា​នេះ រឹតតែ​អាច​មាន​គ្រោះ ឬ​អាប​រាសី​ បាត់​លាភ​សំណាង​ និង​អាច​មាន​ជំងឺ​​តម្កាត់​ច្រើន​ដោយ​ប្រការ​ណា​មួយ​។​​

​​តើ​ធ្វើ​ម៉េច​ដើម្បី​​អាច​កែ​ខៃ​ជោគជាតារាសី​ខ្ពស់​ មាន​យសសក្តិ ឬ​លាភធំ​ចូលផ្ទះ​​?

បើតាម​ប្រធាន​សមាគមន៍​​ ទំនៀមប្រពៃណី​ខ្មែរ​និង​សេវា​សង្គម ​លោក​គ្រូ ​ឡុង​ បូរ៉ា​ ហៅតា​ថ្ម​អណ្តែត​បាន​ប្រសាសន៍​ប្រាប់ KQube (ខេឃ្យូប)​ ឲ្យ​ដឹងថា​ សម្រាប់​អ្នក​ដែលកើត​ឆ្នាំវក​នេះ​ គឺ​ត្រូវ​ជាន់​ឆ្នាំ​ប៉ុន្តែ​មិនមែន​ឆុង​១០០​ភាគរយ​នោះ​ទេ ពោល​គឺ​ត្រឹមតែ​៧៥​ភាគរយ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ដែល​កើត​ឆ្នាំ​វក​​ ខែ​សីហា​នេះ ត្រូវ​​​តែ​អនុវត្ត​​បី​​ប្រការ ទើប​កែប្រែ​ជោគជាតារាសី​ឲ្យ​ល្អ ​មាន​លាភ​សំណាង​ សម្រេច​ការងារ​ធំ​បាន​។

ទី​មួយ​ ត្រូវ​ដាំ​រុក្ខជាតិ​មាន​បន្លា​៖ ​សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​វក​ ហើយ​កើត​ក្នុង​ខែ​សីហា​នេះ ​គួរ​ដាំ​​​រុក្ខជាតិ​ប្រភេទ​​​នេះ​ដូចជា​ ប្រទាល​កន្ទុយក្រពើ ប្រទាល​កងជុំ ឬ​ដើម​ដំបង​យក្ស​ជាដើម​ មក​តាំងលម្អ​នៅ​ផ្ទះ​កន្លែង​ធ្វើការ​​ ពីព្រោះ​វាជា​រនាំង​ការពារ​ដ៏​មាន​ថាមពល​ ដើម្បី​ឃុំ​គ្រង​អ្នក​ក្នុង​ការ​ជម្នះ​នូវ​គ្រប់​ឧបសគ្គ​ ដើម្បី​ធ្វើឲ្យ​ថាមពល​ជោគជាតារាសី​ឲ្យ​មាន​ឆព័ន្ធរង្សី​ល្អប្រសើរ​ឡើង​​​​​។

ទីពីរ​ ពិនិត្យ​ឲ្យ​​ច្បាស់លាស់​៖ មុន​សម្រេច​កិច្ច​ការងារ​ ឬ​ចេញ​​លិខិត​ស្នាមណាមួយ​ ​អ្នក​ត្រូវតែ​​ពិនិត្យពិច្ឆ័យ​ឲ្យ​បាន​ហ្មត់ចត់​ល្អ​​​ ដើម្បី​កុំ​ឲ្យ​បង្ក​ទុក្ខទោស​គ្រោះភ័យ​ដល់​អ្នក។​​​​​
និង​ទីបី​ ដើរប្រាំពីរ​ជំហាន​ដោយ​មាន​ទឹក៖ ​ពេលព្រលឹម​ក្រោក​ពី​ដំណេក​មក​ភ្លាម អ្នក​ត្រួវ​ដើរឆ្ពោះទៅ​ទិញ​ខាង​លិច​ឲ្យ​បាន​ប្រាំពីរ​ជំហ៊ាន​ ​​ដោយ​អម​​មាន​ទឹក​ផង ​សម្រាប់​យកមក​លុបមុខ ដើម្បីស្រូបយក​​ថាមពល​ជោគជា​តារាសី​​មាន​សិរីសួស្តី មានលាភ​សំណាង​ធំ​ចូល​ក្នុង​ផ្ទះ៕​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធិដោយ៖ kqube.net