Zhao Wei ឬទស្សនិកជនស្គាល់ថាជាព្រះនាងត្រចៀកកាំ បានបង្ហើបពីការផ្លាស់ប្ដូរជីវិតផ្ទាល់ខ្លួនដោយនិយាយថាការឈប់ផឹកគ្រឿងស្រវឹងនិងការរស់នៅបែបសាមញ្ញបានធ្វើឱ្យនាងមានសេចក្ដីសុខ និងសុភមង្គលកាន់តែខ្លាំង។ ការលើកឡើងនេះគឺបន្ទាប់ពី Zhao Wei ទើបតែបង្ហាញខ្លួនជាសាធារណៈបន្ទាប់ពីរយៈពេល៥ឆ្នាំនៃការរឹតបណ្តឹងសកម្មភាពកម្សាន្តរបស់នាង។

តារាសម្ដែងដែលមានប្រជាប្រិយភាពតាមរយៈរឿងភាគចិន «My Fair Princess» បានចែករំលែកទស្សនៈអំពីជីវិតរបស់នាងក្នុងអំឡុងពេលបង្ហាញខ្លួនជាសាធារណៈនៅប្រទេសសិង្ហបុរី។ ក្រោយពីឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ Zhao Wei ហាក់ដូចជាបានផ្លាស់ប្ដូររបៀបរស់នៅយ៉ាងច្រើន។ .png)
អ្នកនាងបានបង្ហើបថាការបោះបង់ការផឹកគ្រឿងស្រវឹងបានធ្វើឱ្យនាងមានអារម្មណ៍ល្អប្រសើរជាងមុន និងកាន់តែពេញចិត្តនឹងជីវិតប្រចាំថ្ងៃ។ បច្ចុប្បន្ន តារាស្រីវ័យ៥០ឆ្នាំរូបនេះ ចូលចិត្តរស់នៅបែបស្ងប់ស្ងាត់ ដោយចំណាយពេលនៅផ្ទះ ធ្វើដំណើរកម្សាន្ត និងរីករាយជាមួយសកម្មភាពធម្មតាៗក្នុងជីវិត។ Zhao Wei ក៏ហាក់ដូចជាលែងផ្ដោតខ្លាំងលើភាពល្បីល្បាញ ឬការបង្ហាញខ្លួនជាសាធារណៈដូចកាលពីមុនទៀតដែរ។
.png)
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺទស្សនៈរបស់ខ្លួនចំពោះសុភមង្គល។ Zhao Wei ជឿថា មនុស្សមិនគួរចំណាយពេលច្រើនពេកទៅលើការសោកស្ដាយអតីតកាល ឬការរំពឹងទុកពីអនាគតនោះទេព្រោះអ្វីដែលសំខាន់បំផុតគឺការចេះឱ្យតម្លៃលើពេលវេលាបច្ចុប្បន្ន។
ទន្ទឹមនឹងការផ្លាស់ប្ដូរជីវិតផ្ទាល់ខ្លួន Zhao Wei ក៏កំពុងចាប់អារម្មណ៍លើវិស័យផលិតភាពយន្តដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការសរសេរសាច់រឿង និងឱកាសសហការជាមួយក្រុមផលិតកម្មនានាផងដែរ។ ទោះបីជានៅមិនទាន់បញ្ជាក់ពីផែនការវិលត្រឡប់មកសម្ដែងជាផ្លូវការក៏ដោយ ក៏ Zhao Wei មិនបានបិទទ្វារចំពោះឱកាសការងារក្នុងវិស័យសិល្បៈនាពេលអនាគតឡើយ។

រឿងរ៉ាវរបស់ Zhao Wei បានបង្ហាញថា ក្រៅពីភាពជោគជ័យ និងភាពល្បីល្បាញ ជីវិតដែលមានសុខភាពល្អ សេរីភាពផ្លូវចិត្ត និងការចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន ក៏ជាផ្នែកសំខាន់នៃសុភមង្គលរបស់មនុស្សផងដែរ៕










