អាសន្នសុខភាព និងបរិស្ថាន៖ អាងស្តុកទឹកសំណល់គីមីរ៉ែកម្រ ២កន្លែងនៅឡាវបានបាក់បែ.ក ធ្វើឱ្យសារធាតុពុលហូរចូលទន្លេណាមសាំ បង្ខំឱ្យអាជ្ញាធរហាមពលរដ្ឋភូមិចំនួន ៣ មិនឱ្យប្រើប្រាស់ទឹកដាច់ខាត! ឧប្បត្តិហេតុនេះកំពុងបង្កក្តីបារម្ភពីការបំពុលឆ្លងដែនទៅកាន់ប្រទេសវៀតណាម ខណៈប្រជាពលរដ្ឋភ័យខ្លាចរឿងពុ.លសត្វពាហនៈ និងរមាស់ស្បែកដូចកាលពីដើមឆ្នាំ។
__________________ 
អាជ្ញាធរឡាវ បានធ្វើការប្រកាសអាសន្ន និងចេញបម្រាមបន្ទាន់មួយ ហាមឃាត់ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៣ មិនឱ្យប្រើប្រាស់ទឹកទន្លេជាបណ្តោះអាសន្ន បន្ទាប់ពីអាងស្តុកទឹកសំណល់គីមីចំនួនពីរ នៃលំរ៉ែកម្រ បានបាក់បែក និងលេចធ្លាយសារធាតុពុលចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ឧប្បត្តិហេតុដ៏គួរឱ្យព្រួយបារម្ភនេះ បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីផលប៉ះពាល់ដល់សុខភាព និងការបំពុលបរិស្ថានឆ្លងដែន ខណៈមន្ត្រីជំនាញកំពុងចុះពិនិត្យគុណភាពទឹកយ៉ាងដុតដៃដុតជើង។.jpg)
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Laotian Times បានឱ្យដឹងថា ហេតុការណ៍បាក់អាងស្តុកទឹកសំណល់គីមីរ៉ែកម្រទាំងពីរនេះ បានកើតឡើងតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងភូមិថាបភឿង (Thabpheung) ស្រុកសាំនឿ (Xam Neua) ខេត្តហួផាន់ (Houaphanh)។ ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរមូលដ្ឋានបានចេញសេចក្តីណែនាំដាស់តឿនដល់អ្នកភូមិនៅក្នុង ភូមិមឿងវ៉ែន, ភូមិណាកាវ និងភូមិណាឃូន ឱ្យផ្អាកការដងទឹកទន្លេណាមវ៉ែន (Nam Vaen) និងទន្លេណាមសាំ (Nam Xam) យកទៅប្រើប្រាស់ ឬបរិភោគជាដាច់ខាត ដើម្បីរង់ចាំការវាយតម្លៃគុណភាពទឹក។
.jpg)
ប្រភពព័ត៌មានបានបង្ហាញក្តីបារម្ភថា ទឹកសំណល់គីមីដែលធ្លាយចូលទៅក្នុងទន្លេណាមសាំ អាចនឹងហូរឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម (ដែលនៅទីនោះគេហៅថាទន្លេឈូ) មុននឹងធ្លាក់ចូលទៅឈូងសមុទ្រតុងកឹង។ ទោះបីជាគិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នៅមិនទាន់អាចបញ្ជាក់ពីប្រភេទសារធាតុគីមីច្បាស់លាស់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះកាលពីដើមឆ្នាំ២០២៤ ករណីលេចធ្លាយគីមីពីរោងចក្ររ៉ែកម្រឡាវ-ចិន ក្នុងខេត្តនេះ ធ្លាប់បានធ្វើឱ្យត្រី និងសត្វពាហនៈពុលងាប់ជាច្រើន រួមទាំងធ្វើឱ្យអ្នកភូមិកើតរោគសើស្បែក និងរមាស់យ៉ាងធ្ងន់ធ្ងរផងដែរ។
.jpg)
ការលេចធ្លាយសារធាតុគីមីពីរោងចក្ររ៉ែកម្រនៅខេត្តហួផាន់ គឺជាសញ្ញាអាសន្នថ្មីមួយទៀតដែលបង្ហាញពីការគំរាមកំហែងនៃឧស្សាហកម្មរុករករ៉ែទៅលើបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡាវ។ បញ្ហានេះកំពុងជំរុញឱ្យមានការទាមទារយ៉ាងខ្លាំងពីសមាជិកសភាជាតិឡាវ ឱ្យរដ្ឋាភិបាលពិនិត្យ និងរឹតបន្តឹងឡើងវិញលើរាល់គម្រោងរុករករ៉ែកម្រទាំងអស់ ដើម្បីទប់ស្កាត់មហន្តរាយបរិស្ថានឆ្លងដែន និងការពារសុខភាពសាធារណៈ៕










