អាសន្នព្រំដែនថៃ-មីយ៉ាន់ម៉ា៖ គ្រាប់ប្លោងធ្លាក់ចំផ្ទះពលរដ្ឋទាំងយប់ បង្ខំឱ្យកងទ័ពថៃបើកការបា.ញ់ព្រមា.នដាច់ណាត់ ក្រោយស្ថានភាពសង្រ្គាមរវាងយោធារបបសឹក និងក្រុមការ៉ែន ឡើងកម្ដៅខ្លាំងឡើងៗដល់ថ្នាក់គ្រាប់បែ.កធ្លា.យរំលោ.ភចូលទឹកដីថៃ ធ្វើឱ្យអ្នកភូមិនៅស្រុកម៉ែសត ដេកមិនលក់ភ័យខ្លាចគ្រាប់ប្លោង។
________________ 
ព្រំដែនថៃ-មីយ៉ាន់ម៉ាឡើងកម្ដៅកាន់តែខ្លាំង! កងទ័ពថៃបានបើកការបាញ់គ្រាប់រំសេវបំភ្លឺដើម្បីព្រមានទាំងកណ្តាលយប់ ក្រោយសង្រ្គាមរវាងយោធារបបសឹកមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើទឹកដីថៃ។ ស្ថានភាពកាន់តែអាសន្ន បន្ទាប់ពីគ្រាប់កាំភ្លើង និងគ្រាប់ប្លោង RPG បានហោះធ្លាក់សន្ធាប់ចំផ្ទះសម្បែងអ្នកភូមិ បង្ខំឱ្យភាគីថៃត្រូវប្រើវិធានការក្តៅឆ្លើយតបភ្លាមៗដើម្បីការពារបូរណភាពទឹកដី!

យោងតាមរបាយការណ៍ពីសារព័ត៌មានថៃ Khaosod English បានឱ្យដឹងថា ហេតុការណ៍ការប៉ះទង្គិចឆ្លងដែននេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១៩:១៥ យប់ នៅក្នុងស្រុកម៉ែសត (Mae Sot) ខេត្តតាក (Tak)។ កងកម្លាំងពិសេស Ratchamanu ក្រោមការបញ្ជារបស់កងកម្លាំង Naresuan របស់ថៃ បានសម្រេចចិត្តបើកការបាញ់គ្រាប់រំសេវបំភ្លឺជាការព្រមាន ទៅកាន់ភាគីមីយ៉ាន់ម៉ា ស្របទៅតាមគោលការណ៍ច្បាប់នៃការប៉ះទង្គិច បន្ទាប់ពីរកឃើញថាមានគ្រាប់រំសេវឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពថៃ។
ការវាយប្រហារយ៉ាងសាហាវ រួមទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកពីសំណាក់យោធារបបសឹកមីយ៉ាន់ម៉ា ទៅលើក្រុមសេរីភាពជាតិការ៉ែន (KNLA) នៅកៀកខ្សែបន្ទាត់ព្រំដែនពេក បានធ្វើឱ្យគ្រាប់រ៉ុក្កែត RPG មួយគ្រាប់ហោះមកធ្លាក់ធ្លាយដំបូលផ្ទះរបស់ប្រជាពលរដ្ឋថៃម្នាក់ បង្កការខូចខាតយ៉ាងដំណំ និងធ្វើឱ្យអ្នកភូមិភ័យស្លន់ស្លោរត់រកជម្រកសុវត្ថិភាពទាំងយប់។ ភ្លាមៗនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ក៏បានធ្វើការទំនាក់ទំនងទូតតាមទូរស័ព្ទយ៉ាងបន្ទាន់ទៅកាន់សមភាគីមីយ៉ាន់ម៉ា ដើម្បីព្រមាន និងស្នើសុំឱ្យដកឃ្លាការទម្លាក់គ្រាប់បែកឱ្យឆ្ងាយពីព្រំដែន ខណៈដែលកងទ័ពថៃត្រូវបានពង្រាយបន្ថែមដើម្បីបង្កើនការយាមកាម និងល្បាតការពារសុវត្ថិភាពប្រជាជន។.jpg)
សង្រ្គាមផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរបស់ប្រទេសថៃ។ ទោះបីជាហេតុការណ៍យប់នោះមិនបណ្តាលឱ្យមានប្រជាពលរដ្ឋថៃណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ប៉ុន្តែចំណាត់ការបាញ់ព្រមានដាច់ណាត់ទាំងយប់ និងការព្រមានតាមផ្លូវទូតពីសំណាក់រដ្ឋាភិបាលក្រុងបាងកក បង្ហាញយ៉ាងច្បាស់ថា ថៃនឹងមិនអត់ធ្មត់ឡើយចំពោះការរំលោភបំពានដែនដី និងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរបស់ខ្លួន៕










