តារាចម្រៀង ខាត់ សុឃីម បានបង្ហាញការអាណិតអាសូរទៅកាន់ ចាន់ សុបញ្ញា ម្ចាស់ពាន កម្មវិធី X Factor Cambodia រដូវកាលទី១ ដោយបានជូនពរឱ្យតារាចម្រៀងវ័យក្មេងរូបនេះមានសុខភាពល្អ និងរឹងមាំឡើងវិញ ខណៈបញ្ហាសុខភាពរបស់លោកក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រផងដែរ។
.png)
ថ្មីៗនេះអ្នកនាង ខាត់ សុឃីម បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមដោយមានការសំណេះសំណាលជាមួយនឹង ចាន់ សុបញ្ញា សិល្បករក្នុងទ្រនំរស្មីហង្សមាស។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ខាត់ សុឃីម ក៏បានថតវីដេអូកម្សាន្តជាមួយនឹង បញ្ញា ប៉ុន្តែខេបសិនរបស់អ្នកនាងបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើន។
ក្នុងវីដេអូនោះតារាចម្រៀង ខាត់ សុឃីម បានសរសេរថា «អាណិតក្មួយ ជូនពរ ក្មួយមានសុខភាពល្អ»។ ប្រយោគខ្លីនេះបានជំរុញឱ្យអ្នកគាំទ្របញ្ចេញមតិពិភាក្សាយ៉ាងច្រើនអំពីបញ្ហាសុខភាពរបស់ ចាន់ សុបញ្ញា ដោយអ្នកមួយចំនួនពុំទាន់បានដឹងថាតារាចម្រៀងរូបនេះមានជំងឺអ្វីឡើយ។ ទោះជាយ៉ាងណា អ្នកគាំទ្រដែលបានដឹងពីស្ថានភាពរបស់ ចាន់ សុបញ្ញា ក៏បានឆ្លើយតបនៅក្នុងការខម្មិនថារូបគេមានជំងឺទឹកនោមប្រៃ។
.png)
តាមរយៈវីដេអូមួយទៀត អ្នកនាង ខាត់ សុឃីម បានបង្ហាញពីគោលបំណងចង់សហការជាមួយនឹង ចាន់ សុបញ្ញា ខណៈ បញ្ញា មានបំណងចង់ឱ្យ ស្កាយ ជួយផលិតបទសម្រាប់ការសហការរវាងអ្នកទាំងពីរ។
ការបង្ហាញក្តីបារម្ភនិងការជូនពរពីសំណាក់អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខណៈពួកគេក៏សង្ឃឹមថា ចាន់ សុបញ្ញា នឹងមានសុខភាពល្អនិងបន្តបង្ហាញស្នាដៃសិល្បៈថ្មីៗជូនអ្នកគាំទ្រ។

ក្នុងរយៈពេលចុងក្រោយនេះទស្សនិកជនសង្កេតឃើញថា ចាន់ សុបញ្ញា បានផ្លាស់ប្តូរស្ទាយរបស់ខ្លួនពីបទបែបមនោសញ្ចេតនាដោយប្រឡូកខ្លួនក្នុងវិស័យហ៊ីបហបផងដែរ៕










