យោងតាមការចែករំលែកនៅលើបណ្ដាញសង្គម ពលរដ្ឋថៃផ្ទុះការបារម្ភយ៉ាងខ្លាំង ខ្លាចថានឹងត្រូវប្រឈមមុខនឹង «សង្រ្គាមម្ដងពីរទិស» ស្របពេលវិបត្តិផ្ទៃក្នុងមិនទាន់ដោះស្រាយរួច ឥឡូវត្រូវមកប្រឈមនឹងបញ្ហាព្រំដែនជុំទិស ធ្វើឲ្យពលរដ្ឋរស់នៅគ្មានក្ដីសុខឡើយ។ តើស្ថានភាពនេះនឹងទៅជាយ៉ាងណា?
________________
តើកងទ័ពថៃអាចទប់ទល់បានដែរឬទេ ប្រសិនបើត្រូវប្រឈមមុខនឹងសង្រ្គាមពីរមុខព្រួញក្នុងពេលដំណាលគ្នា? នេះជាសំណួរដ៏ក្ដៅគគុកដែលកំពុងអង្រួនបណ្ដាញសង្គមថៃ ស្របពេលដែលស្ថានភាពព្រំដែនជាមួយមីយ៉ាន់ម៉ាកំពុងឡើងកម្ដៅខ្លាំង ហើយអរិភាពព្រំដែនជាមួយកម្ពុជាក៏នៅតែជាប្រធានបទដ៏រសើប។ ក្ដីបារម្ភពីសមត្ថភាពការពារជាតិ កំពុងក្លាយជាចំណុចវែកញែកយ៉ាងជក់ចិត្តពីសំណាក់ប្រជាពលរដ្ឋ!

ផ្អែកតាមការចែករំលែក និងការពិភាក្សាយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គមរបស់ពលរដ្ឋថៃ នាពេលថ្មីៗនេះ មានការបង្ហោះរូបភាព និងសារសន្មតបែបសម្មតិកម្មមួយថា «ប្រសិនបើភុមា (មីយ៉ាន់ម៉ា) និងខ្មែរ (កម្ពុជា) វាយប្រហារយើងព្រមគ្នាក្នុងពេលដំណាលគ្នា តើកងទ័ពយើងអាចទប់ទល់បានដែរឬទេ?»។ ជម្លោះប្រដាប់អាវុធនៅតាមបណ្ដាញព្រំដែនមីយ៉ាន់ម៉ា-ថៃ ក្នុងស្រុកម៉ែសត ដែលបង្កឲ្យមានគ្រាប់កាំភ្លើងប្លោងធ្លាក់ចូលដីថៃ ជាដើមចមធ្វើឲ្យពលរដ្ឋថៃមានការព្រួយបារម្ភកាន់តែខ្លាំង ស្របពេលដែលរឿងរ៉ាវព្រំដែន និងតំបន់ទាមទារត្រួតគ្នាជាមួយកម្ពុជា ក៏កំពុងស្ថិតក្នុងភាពរកាំរកូសផ្នែកនយោបាយដូចគ្នា។

ស្ថានភាពបច្ចុប្បន្នបានបង្ហាញពីភាពតានតឹង និងការលំបាកសម្រាប់ភាគីថៃ ក្នុងការស៊ូទ្រាំអត់ធ្មត់មិនព្រមតតាំងខ្លាំងក្លាជាមួយមីយ៉ាន់ម៉ា ពីព្រោះតែការខ្លាចរអាថានឹងអាចមានសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង។ បញ្ហានេះកាន់តែឆ្លុះបញ្ចាំងឱ្យឃើញថា ថៃកំពុងតែជួបប្រទះវិបត្តិជុំទិសជាមួយប្រទេសជិតខាងរបស់ខ្លួន ដោយម្ខាងរងការរិះគន់ថាកំពុងព្យាយាមបង្កភាពតានតឹងនិងឈ្លានពានលើបញ្ហាព្រំដែនកម្ពុជា ខណៈម្ខាងទៀតត្រូវរងការបំពាន និងរំលោភបំពានអធិបតេយ្យភាពជាញឹកញាប់ដោយសារតែឥទ្ធិពលនៃសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃរបស់មីយ៉ាន់ម៉ា។ កត្តាទាំងនេះហើយ ដែលបាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរស់នៅក្នុងភាពភ័យខ្លាច និងគ្មានក្ដីសុខទាល់តែសោះ។

ជារួមមក នេះគឺជាបញ្ហាប្រឈមដ៏ធំធេងមួយសម្រាប់រដ្ឋាភិបាលថៃ ក៏ដូចជាក្ដីបារម្ភដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋថៃផ្ទាល់។ ក្រៅពីត្រូវឈឺក្បាលដោះស្រាយវិបត្តិផ្ទៃក្នុងជាតិជាច្រើនរាប់មិនអស់ ដែលមិនទាន់មានច្រកចេញច្បាស់លាស់ទៅហើយនោះ ពេលនេះពួកគេបែរជាត្រូវមកព្រួយចិត្ត និងហត់នឿយបន្ថែមទៀតលើរឿងរ៉ាវសន្តិសុខតាមព្រំដែនជុំទិស ដែលកំពុងតែគំរាមកំហែងដល់ស្ថិរភាពប្រទេសជាតិទាំងមូលបែបនេះ៕










