តារាសម្តែង តុប វិសាល បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងនៅពេលជួបរឿងរ៉ាវដ៏មិនគួរឱ្យជឿដោយហាងផ្លែឈើមួយកន្លែងទាំងមានពាក្យថា «ខ្មែរ» នៅលើផេកបែរជាមិនព្រមទូទាត់ជាប្រាក់រៀលយកតែប្រាក់ដុល្លារប៉ុណ្ណោះ។ អ្វីដែលជាការហួសចិត្តជាងនេះគឺថាហាងផ្លែឈើនោះថែមទាំងគំរាមចាត់វិធានការតាមច្បាប់មកកាន់ តុប វិសាល ទៀតផង។

នៅល្ងាចថ្ងៃទី៣ វិច្ឆិកា តារាសម្តែង តុប វិសាល បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «កូនខ្មែរ ឈាមខ្មែរ តែមិនទទួលលុយរៀលរបស់ខ្មែរ កុំឱ្យគាត់ពិបាកស្វែងរក ស៊ែរឱ្យបានឃើញដល់គាត់ផងបងប្អូន ផ្លែឈើហ្នឹងបោះចោលហើយខ្លាចជារបស់សៀម»។ នៅក្នុងវីដេអូនេះរូបលោកបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងដោយរៀបរាប់ថាមានហាងផ្លែឈើមួយដែលផេករបស់គាត់ប្រើប្រាស់ពាក្យ «ខ្មែរ» ក្នុងនោះ ដោយមានបងស្រីម្នាក់ជាអ្នក Live ផ្លែឈើហើយលោកបានកម្ម៉ង់ផ្លែទាប និងផ្លែក្រូចអត់គ្រាប់។ 
តុប វិសាល បានបន្តថាបន្ទាប់ពីលោកកម្មង់ហើយហាងនោះក៏បានដឹកឱ្យតាមរយៈអ្នកដឹកជញ្ជូនដោយផ្លែឈើពីរមុខនេះមានតម្លៃសរុបជាង៦ម៉ឺនរៀល។ យ៉ាងណាក៏ដោយ ប្រហែលជាប៉ុន្មានម៉ោងក្រោយមកខាងហាងក៏ខលមកលោកដោយចោទសួរថាហេតុអ្វីបានជាលោកទូទាត់ឱ្យជាលុយខ្មែរទៅវិញ។ តារាសម្តែងរូបនេះបានអះអាងថាវិក្កយបត្រដែលអ្នកដឹកជញ្ជូនឱ្យលោកក៏គិតជាប្រាក់រៀលខ្ទង់៦ម៉ឺនជាងដែរ ប៉ុន្តែត្រូវបានអ្នកដែលខលមកលោកនិយាយថាហាងផ្លែឈើរបស់គាត់ទទួលតែលុយដុល្លារមិនទទួលប្រាក់រៀលឡើយ។
បន្ទាប់ពីឮសម្តីបែបនេះតារាសម្តែង តុប វិសាល បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងដោយសារតែផេករបស់គាត់ពាក្យកន្ទុយមានពាក្យថា «ខ្មែរ» តែបែរជាយកតែលុយដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ តុប វិសាល បានបង្ហាញថាហាងផ្លែឈើនោះថែមទាំងគំរាមប្តឹង និងចាត់វិធានការតាមច្បាប់ចំពោះលោកទៀតផងដោយឱ្យលោកប្រុងប្រយ័ត្នចំពោះពាក្យសម្តីរបស់ខ្លួន។ តារាប្រុសរូបនេះថាអ្នកលក់ផ្លែឈើនោះថែមទាំងគំរាមនឹងមានការឆែកឈ្មោះលោកតាមរយៈគណនីធនាគារដែលលោកបានបាញ់ទៅទៀតផង ប៉ុន្តែត្រូវបានលោកប្រាប់ទៅវិញដោយបញ្ជាក់ថាលោកមានឈ្មោះ តុប វិសាល ជាមួយនឹងបណ្តាញសង្គមក៏មានឈ្មោះដូចគ្នានេះ។ តារាសម្តែង តុប វិសាល បានសង្កត់ធ្ងន់ថា «នៅប្រទេសខ្មែរបែរជាមិនទទួលលុយខ្មែរ»។
រឿងរ៉ាវដែលតារាសម្តែង តុប វិសាល បានចោទប្រកាន់ទៅកាន់ហាងផ្លែឈើដែលមិនព្រមទទួលប្រាក់រៀលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនរិះគន់យ៉ាងខ្លាំងជាពិសេសគឺចង់ដឹងឈ្មោះរបស់ហាងនោះដោយសារតែពួកគេខ្លាចទិញប៉ះចំហាងមិនទទួលប្រាក់រៀល។ ក្រោយមក តុប វិសាល ក៏បានបង្ហោះវីដេអូមួយទៀតដោយសារតែមិនមែនតែលោកទេដែលជួបហេតុការណ៍នេះដោយសារតែអ្នកមួយចំនួនក៏ជួបរឿងរ៉ាវស្រដៀងគ្នានេះដូចគ្នាដោយមានហាងខ្លះគឺមិនព្រមទទួលប្រាក់រៀលឡើយ៕










